ចេញផ្សាយ៖ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២
ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
NUR-SULTAN, (Reuters) - កាលពីថ្ងៃចន្ទ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអះអាងពីជ័យជម្នះ ក្នុងការការពារ Kazakhstan ពីអ្វីដែលលោកបានពិពណ៌នាថា ជាការបះបោររបស់ភេរវករដែលគាំទ្រដោយបរទេស ហើយបានសន្យានឹងមេដឹកនាំនៃអតីតរដ្ឋសូវៀតដទៃទៀតថា សម្ព័ន្ធភាពដែលដឹកនាំដោយទីក្រុងមូស្គូនឹងការពារពួកគេផងដែរ។
កាលពីថ្ងៃចន្ទ ទីក្រុង Almaty ដែលជាទីក្រុងធំបំផុតរបស់ Kazakhstan បានខិតទៅរកភាពប្រក្រតីឡើងវិញ បន្ទាប់ពីមានភាពចលាចលអស់រយៈពេលជិតមួយសប្តាហ៍មកទល់ពេលនេះ ហើយនេះក៏ជាអំពើហិង្សាដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រឯករាជ្យដែលមានរយៈពេល ៣០ឆ្នាំ របស់ប្រទេសដែលធ្លាប់ជាអតីតរដ្ឋសូវៀតដែលមានស្ថេរភាពបំផុតនៅតំបន់អាស៊ីកណ្តាល។
អ្នកបោសសម្អាតកំពុងប្រមូលកំទេចកំទីចេញពីផ្លូវដែលនៅពោរពេញដោយរថយន្តដែលបានឆេះ។ ហាងភាគច្រើនបានបើកដំណើរការឡើងវិញ ការដឹកជញ្ជូនសាធារណៈ និងចរាចរណ៍បានត្រលប់មកជាធម្មតាវិញ ហើយប្រព័ន្ធអ៊ីនធើណែតក៏ត្រូវបានដំណើរការឡើងវិញជាលើកដំបូងចាប់តាំងពីការផ្តាច់ កាលពីថ្ងៃពុធសប្តាហ៍មុននៅក្នុងទីក្រុងនេះ ។
ទីលានស្ថិតនៅក្បែរការិយាល័យអភិបាលក្រុងដែលត្រូវបានដុតបំផ្លាញកំឡុងពេលមានការបះបោរត្រូវបានកងកម្លាំងសន្តិសុខយាមយ៉ាងតឹងរ៉ឹង និងបិទជាសាធារណៈ។ នគរបាលបានឆែកឆេររថយន្តដែលចរាចរទាំងអស់នៅប៉ុស្តិ៍ត្រួតពិនិត្យ។
កាលពីសប្តាហ៍មុន ប្រធានាធិបតីលោក Putin បានបញ្ជូនទាហានឆ័ត្រយោងដើម្បីការពារទីតាំងយុទ្ធសាស្ត្រ បន្ទាប់ពីក្រុមបាតុករប្រឆាំងរដ្ឋាភិបាលដណ្តើមបាន និងដុតបំផ្លាញអគារសាធារណៈ។ ដោយក្នុងនោះ មានមនុស្សរាប់សិបនាក់ត្រូវបានគេជឿថា ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខ និងក្រុមបាតុករនៅក្នុងទីក្រុងនានាទូទាំងប្រទេស ៕