កូរ៉េខាងជើង រិះគន់ប្រធានាធិបតីកូរ៉េខាងត្បូង ថាបង្កើនហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ !!!

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានចេញផ្សាយឯកសារស មួយនៅថ្ងៃអាទិត្យ (០៣ វិច្ឆិកា) នេះដោយចោទប្រកាន់ប្រធានាធិបតីកូរ៉េខាងត្បូង លោក យ៉ុន សុកយ៉ុល (Yoon Suk Yeol) ពីការដាក់ប្រទេសរបស់លោកឱ្យប្រឈមនឹងគ្រោះថ្នាក់នៃសង្គ្រាមនុយក្លេអ៊ែរ តាមរយៈគោលនយោបាយប្រកាន់ជំហរតឹងរបស់ខ្លួនចំពោះកូរ៉េខាងជើង។

ឯកសារសនោះ ត្រូវបានចងក្រងដោយវិទ្យាស្ថានសិក្សារដ្ឋនៃសត្រូវរបស់កូរ៉េខាងជើង និងចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ដោយរិះគន់ “ការលើកឡើងដែលមិនប្រុងប្រយ័ត្ន” របស់លោក Yoon អំពីសង្គ្រាម ការបោះបង់ចោលធាតុផ្សំនៃកិច្ចព្រមព្រៀងអន្តរកូរ៉េ ការចូលរួមក្នុងការធ្វើផែនការសង្គ្រាមនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក និងស្វះស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយជប៉ុន និងសម្ព័ន្ធយោធាណាតូ។

ឯកសារនោះបាននិយាយថា “សកម្មភាពយោធាដែលកាន់តែយ៉ាប់យ៉ឺនមិនធ្លាប់មានរបស់ទីក្រុងសេអ៊ូល បណ្ដាលឱ្យមានការជំរុញបន្ថែមទៀតសម្រាប់កូរ៉េខាងជើង ក្នុងការស្តុកទុកនូវអាវុធនុយក្លេអ៊ែររបស់ខ្លួនក្នុងអត្រាខ្ពស់បំផុត និងអភិវឌ្ឍសមត្ថភាពវាយប្រហារនុយក្លេអ៊ែរបន្ថែមទៀត”។

លោក Yoon ដែលជាអ្នកអភិរក្សនិយម បានប្រកាន់ជំហរតឹងលើកូរ៉េខាងជើង ដែលបានសម្រុកអភិវឌ្ឍឃ្លាំងអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទិករបស់ខ្លួន ក្នុងការផ្គើននឹងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ រដ្ឋបាលរបស់ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះបានស្តីបន្ទោសកូរ៉េខាងជើង ចំពោះការបង្កើនភាពតានតឹងជាមួយនឹងការសាកល្បងអាវុធ និងការផ្តល់ជំនួយយោធា និងកងទ័ពដើម្បីជួយដល់សង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន៕ដោយៈBAYON Radio

You might like

Leave a Reply

Your email address will not be published. Required fields are marked *