ចេញផ្សាយ៖ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២
ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
ខេត្ដបន្ទាយមានជ័យ ៖ ក្រុមគ្រូពេទ្យចល័តកងពលតូចថ្មេីរជេីងលេខ៥១ បានបេីកយុទ្ធនាការ ចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ) ជូនប្រជាពលរដ្ឋក្រុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្នុងយុទ្ធនាការ ចាក់វ៉ាក់សាំងដូសទី៣នេះ ជូនប្រជាពលរដ្ឋ ដោយមានការដឹកនាំផ្ទាល់ ពីសំណាក់លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ។
លោកមេបញ្ជាការ បានបញ្ជាក់ថា តាមផែនការ ការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ កងពលតូចថ្មើរជើងលេខ៥១ ទទួលចាក់ជូនប្រជាពលរដ្ឋចំនួន២ទីតាំង ក្នុងស្រុកព្រះនេត្រព្រះ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមចាក់ដោយស្ម័គចិត្តពីប្រជាពលរដ្ឋ និងមានកិច្ចសហការល្អ បង្កលក្ខណៈងាយស្រួល ពីសំណាក់អាជ្ញាធរមូលដ្ឋាន រដ្ឋបាលស្រុក ក្រុង ប្រជាពលរដ្ឋបានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣នេះ ដោយក្រុមរថយន្តចល័ត កងពលតូចថ្មើរជើងលេខ៥១ យោធភូមិភាគទី៥ បានដំណើរការចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលបានទទួលការចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ) រួច ត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ ៣កុំ ៣កាពារ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងប្រយុទ្ធប្រឆាំងនូវជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ ។
ឆ្លើយតបទៅនឹងការផ្តល់ជូននូវវ៉ាក់សាំងដូសទី៣នេះ ប្រជាពលរដ្ឋបានសម្តែងសេចក្តីត្រេកអរ រីករាយ និងរំភើបឥតឧបមា ដល់ប្រមុខរាជរដ្ឋាភិបាល និងបានសម្តែងនូវក្តីត្រេកអរក្រៃលែង ដែលទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាពិសេសសូមគោរពអរគុណជូនចំពោះសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងអរគុណចំពោះអាជ្ញាធរ សមត្ថកិច្ច និងក្រុមការងារចុះចាក់វ៉ាក់សាំងជូនពួកគាត់នាពេលនេះ ៕ ដោយ ៖ លោក ពុំ សុផល