ចេញផ្សាយ៖ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២
ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
ខេត្តបន្ទាយមានជ័យ ៖ យោងតាមលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ការឃាត់ជនសង្ស័័យម្នាក់ឈ្មោះ គ្រឿង សាន់ដេ ភេទប្រុស អាយុ១៩ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រីបានបញ្ជាក់ទៀតថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌ពីសន្តិសុខនៅវេលាម៉ោង០២និង០០នាទីអាធ្រាត ឈានចូលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ នៅចំណុចក្លិបឌីស្គូថាច់ដោន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតវត្ថុតាងរួមមាន ៖
១. ម៉្សៅម៉ត់ពណ៌ស ចំនួន០៥កូនថង់កិប ស្មើនឹងទម្ងន់០,៣៨៤ក្រាម គ្រាប់ថ្នាំពណ៌ផ្កាឈូក ចំនួន១៣គ្រាប់ ស្មើនឹងទម្ងន់៤,៩៧ក្រាម ។
២.ម៉ូតូចំនួន០១គ្រឿង និងសម្ភារ:មួយចំនួនទៀត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងទៀតថា ជនសង្ស័យរូបនេះក្រោយពីឃាត់ខ្លួនត្រូវបានបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសាកសួរចម្លើយ។ ក្រោយពីសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានទិញគ្រឿងញៀនទាំងអស់នេះមករក្សាទុកសម្រាប់ប្រើប្រាស់ពិតប្រាកដមែន ដោយផ្អែកលើវត្ថុតាង និងចម្លើយសារភាពរបស់ជនសង្ស័យ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឲ្យដឹងថា ការបង្ក្រាបករណីខាងលើ លោកបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ៖ ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យតាមនីតិវិធី ៕ ដោយ ៖ លោក ណៃ ថាន