ចេញផ្សាយ៖ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២
ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
ខេត្តបន្ទាយមានជ័យ ៖ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត .ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចមុខក្លឹបវ៉មអាប់ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទើបលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងចុះទៅដល់ចំណុចខាងលើនៅវេលាម៉ោង០១និង០០នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានធ្វើប្រតិបត្តិការបង្ក្រាបករណីនេះ និងឃាត់ខ្លួនបានជនសង្ស័យ០១នាក់ ព្រមទាំងដកហូតវត្ថុតាងមានដូចជា ៖
១.ម៉្សៅម៉ត់ពណ៌ស ចំនួន១២កូនថង់កិប ទម្ងន់ ១០,៤៨ក្រាម
២.គ្រាប់ថ្នាំពណ៌ផ្ការឈូកចំនួន០៣គ្រាប់
៣.គ្រាប់ថ្នាំពណ៌ត្រួយចេកចំនួន០៤គ្រាប់
៤.កេតតាមុីនដប ចំនួន០១ដប និងសម្ភារ:មួយចំនួនទៀត ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់អ្នកព័ត៌មានឲ្យដឹងថា ជនសង្ស័យឈ្មោះ វង្ស ឃៀង ភេទប្រុស អាយុ២៦ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅបណ្ដោះអាសន្ន ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ជនសង្ស័យរូបនេះ ក្រោយពីកម្លាំងជំនាញកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតសាកសួរចម្លើយរួចមកបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានទិញគ្រឿងញៀនទាំងអស់នេះរក្សាទុកដើម្បីប្រើប្រាស់ខ្លួនឯងផង និងជាមួយមិត្តភក្ដិផង ។
ដោយផ្អែកលើករណីជាក់ស្ដែង និងមានវត្ថុតាង ព្រមទាំងចម្លើយសារភាពផងនោះ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឲ្យដឹងថា ការបង្ក្រាបករណីខាងលើ លោកបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ៖ ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធី ៕