ករណី:សង្ស័យថាប្រព្រឹត្តបទល្មើសដឹកទំនិញគេចពន្ធហើយបានជាលោកតៃកុងរថយន្តដាក់មេប្រូចបាត់ស្រមោល !!!
ចេញផ្សាយ:នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១
ទំនាក់ទំនងលេខ:092 91 77 08/097 5656 393
ដោយ: ណៃ ថាន អនុរដ្ឋបាល គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
ខេត្តបន្ទាយមានជ័យ: ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២០ះ៣០នាទីយប់ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ សហការជាមួយគយ និងរដ្ឋករចល័ត បានធ្វើសកម្មភាពបង្ក្រាបលើរថយន្ត០១គ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2F-8140 ដែលសង្ស័យថាប្រព្រឹត្តបទល្មើសដឹកទំនិញគេចពន្ធដែលចេញពីក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ គោលដៅឆ្ពោះទៅខេត្តសៀមរាបតាមផ្លូវជាតិលេខ៦ លុះទៅដល់ចំណុចស្ពានតាប៉ុន ស្ថិតក្នុងឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ស្រាប់តែម្ចាស់រថយន្តបានបើកត្រឡប់ក្រោយមកដល់ចំណុចខាងកើតភូមិតាប៉ុន ឃុំតាប៉ុន ស្រុកព្រះនេត្រព្រះ ម្ចាស់រថយន្តក៏បានបើករថយន្តរបស់ខ្លួនទំលាក់ចូលទៅក្នុងប្រឡាយ ហើយបើកទ្វាររថយន្តរត់គេចខ្លួនបាត់ ពេលនោះសមត្ថកិច្ចយើងទៅដល់ស្រាប់តែរថយន្តនោះដឹកសុទ្ធតែឈើប្រណិត (ធ្នង់)។
លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះបានឱ្យដឹងថា ក្រោយពីពិនិត្យឃើញដូច្នេះកម្លាំងគយ និងរដ្ឋករចល័តបានប្រគល់ឱ្យសមត្ថកិច្ចកងរាជអាវុធហត្ថយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកដើម្បីចាត់ចែងតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌បានឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត រថយន្ត និងឈើធ្នង់ចំនួន០៩បន្ទះ ស្មើនឹង០,៦៣ម៉ែត្រគូប លោកបានចាត់តាំងឱ្យកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះប្រគល់ឱ្យជំនាញខណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យចាត់ការទៅតាមនីតិវិធីច្បាប់៕