ចេញផ្សាយ៖ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១
ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
ខេត្តបន្ទាយមានជ័យ ៖ ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណបញ្ជាការរដ្ឋបាលឯកភាពខេត្ត ព្រមទាំងមានការសំរបសំរួលនីតិវិធីពីឯកឧត្តម កើត វណ្ណរ៉េត ព្រះរាជអាជ្ញា កម្លាំងជំនាញផែនការងារសន្តិសុខ ផែនការងារព្រហ្មទណ្ឌ ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចូលរួមសហការពីកម្លាំងកងរាជអាវុធហត្ថខេត្ត និងខណ្ឌរដ្ឋបាលជលផលខេត្ត ធ្វើការស្រាជ្រាវសាកសួរ និងកិច្ចប្រតិបត្តិការបង្រ្កាបមុខសញ្ញាដូចខាងក្រោម ៖
១ -ថ្ងៃទី១៧-១២-២០២១ ឃាត់ខ្លួនឈ្មោះ អែម ណុយ ភេទប្រុស ៦០ឆ្នាំ ពាក់ព័ន្ធនឹងករណីកាប់កាន់ បន្ទ្រាន និងលក់ដីរដ្ឋដោយខុសច្បាប់ ។ ដោយលក់ដីចំណុចបឹងក្ងាន តំបន់៣ ឃុំភ្នំលៀប សរុប១១០ហិកតា អោយទៅប្រជាពលរដ្ឋ០៦នាក់ កាលពីអំឡុងឆ្នាំ២០១៨ និង២០១៩ ដោយពុំបានធ្វើលិខិតស្នាម សរុបទឹកប្រាក់ បីម៉ឺនប្រាំបួនប្រាំពីររយដុល្លារ , មួយសែនមួយម៉ឺនបាត ។ (បញ្ជូនថ្ងៃទី១៩-១២-២០២១) ។
២-ថ្ងៃទី១៨-១២-២០២១ ឃាត់ខ្លួនឈ្មោះ ឈួម ធូ ភេទប្រុស ៥៧ឆ្នាំ ពាក់ព័ន្ធនឹង ករណីឈូមឆាយ កាប់ឆ្ការ គាស់រាន និងកាន់កាប់ដីព្រៃលិចទឹក ឆ្នាំ២០១៨ និង២០១៩ នៅចំណុចតំបន់៣ ចំណុចអាង លីសំអាន ទំហំ១២០ហិកតា និងដីកូនគាត់ សរុប២០០ហិកតា ភូមិក្របៅ ឃុំភ្នំលៀប ។ (បញ្ជូនថ្ងៃទី២០-១២-២០២១)។
សមត្ថកិច្ចឃាត់ខ្លួន០២នាក់រួមមាន ៖
១-ឈ្មោះ អែម ណុយ ភេទប្រុស ៦០ឆ្នាំ ជាមេឃុំភ្នំលៀប រស់នៅភូមិទ្រយោង ឃុំភ្នំលៀប ស្រុកព្រះនេត្រ
២-ឈ្មោះ ឈួម ធូ ភេទប្រុស ៥៧ឆ្នាំ អ្នកសារពត៌មាន កាសែតនិសិ្សតខ្មែរ រស់នៅភូមិពាមកំពង់ក្រសាំង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ពាក់ព័ន្ធនឹងដី នៅចំណុចតំបន់៣ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
បច្ចុប្បន្ន ៖ ករណីទាំង២នេះ កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត បញ្ជូនទៅកាន់ស្ថាប័នតុលាការចាត់ការតាមនីតិវិធី ៕ ដោយ ៖ លោក ណៃ ថាន