ចេញផ្សាយ៖ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១
ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
ខេត្តបាត់ដំបង ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ខេត្តបាត់ដំបង និងបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។
សមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ សម្រេចទទួលស្គាល់ លោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ ជាប្រធានកិត្តិយស គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ខេត្តបាត់ដំបង ។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថា ផ្តាំផ្ញើដល់ប្រធាន អនុប្រធាន និងសមាជិកទាំងអស់ ឲ្យបន្តដំណើរការរួមគ្នា ក្នុងការកៀគរថវិកា ឬអំណោយជំនួយពីសប្បុរសជននានា ដើម្បីបានជួយដល់កិច្ចការសង្គម ពិសេសជួយដល់ជនរងគ្រោះដែលជានារីភេទ ឬកុមារ រងការគៀបសង្កត់ ឬកេងប្រវ័ញ្ចពីជនមួយចំនួន ឬជាជនរងគ្រោះ ក្រីក្រ ឬជួបមហន្តរាយនានា ។ ឯកឧត្តម បានមានប្រសាសន៍បន្តថា នារីមានសារៈសំខាន់ណាស់ នៅលើពិភពលោកដែលមិនអាចខ្វះបាន មិនថាក្នុងស្ថាប័នណាក៏ដោយ ក៏មិនអាចខ្វះនារីបានឡើយ នារីក៏មានសិទ្ធក្នុងការចូលរួមអភិវឌ្ឍន៍ដូចបុរសដែរ ហើយនារីមួយចំនួនទៀតមានចំណេះដឹងខ្លាំងជាងបុរសទៀតផង។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ និងលោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ បានប្រគល់ជូននូវថវិកា ២០ លានរៀល ជូនដល់សមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ខេត្តបាត់ដំបង ជាដើមទុន និងដើម្បីបន្តការងារមនុស្សធម៌នៃសមាគមផងដែរ ៕