ចេញផ្សាយ៖ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១
ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
កំពង់ស្ពឺ ៖ ដោយអនុវត្តតាមបទបញ្ជាពីលោក ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ជំនាញអត្ដសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ចុះសហការជាមួយកំលាំងនគរបាលផ្នែកអត្ដសញ្ញាណប័ណ្ណ អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានចុះពិនិត្យគោលដៅអាជីវកម្មលក់ទូរស័ព្ទ ម៉ូតូ និងសម្ភារៈមួយចំនួនទៀតដែលទទួលបង់រំលោះដោយឯកសារងាយៗ គ្មានទ្រព្យបញ្ចាំឡើយ ។
កំលាំងការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ពិនិត្យដល់ទីតាំងហាងលក់ទូរសព្ទដៃយីហោ តាក់ សុខគីម ដែលមានម្ចាស់ឈ្មោះ សាន លីមឃុន ស្ថិតនៅភូមិព្រៃបាក្រុង ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងករណីទទួលសន្លឹកអត្តសញ្ញាណប័ណ្ណ ជាថ្នូរនឹងការបង់រំលស់ទូរស័ព្ទដៃ បន្ទាប់ពីត្រួតពិនិត្យទទួលបានរកឯកសារ ដាក់ធានាបំណុលនូវចំនួនសន្លឹកអត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋចំនួន ៧៤ សន្លឹក ក្នុងនោះមានអាស័យដ្ឋានខេត្តកំពង់ស្ពឺចំនួន ៧១ ខេត្តផ្សេងៗចំនួន ៣ សន្លឹក(បច្ចុប្បន្នផ្លាស់ចូលមករស់នៅខេត្តកំពង់ស្ពឺ)។
យោងតាមការបញ្ជាក់ពីរម្ចាស់ហាង មូលហេតុនៃការទុកសន្លឹកអត្តសញ្ញាណប័ណ្ណ គឺ ជាថ្នូរនឹងការបង់រំលស់ទូរស័ព្ទដៃ ដោយម្ចាស់បង់ប្រាក់ ៥០ ភាគរយ នៃតម្លៃទូរស័ព្ទ មិនគិតការប្រាក់រហូតដល់ថ្ងៃប្រគល់ប្រាក់គ្រប់តម្លៃទូរស័ព្ទ។
ក្នុងនាមសមត្ថកិច្ចជំនាញ សូមស្នេីសុំនិងអំពាវដល់ម្ចាស់អាជីវកម្មទាំងអស់ ជ្រាបថា ឯកសារអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ច្បាប់កំណត់ថាជាឯកសារផ្ទាល់ខ្លួនមិនអាចដកយកទុក(ច្បាប់ដេីម) ទៅធានាលេីបំណុល ឬបញ្ចាំជាប្រាក់បានទេ ( កាតសម្គាល់ខ្លួនរបស់មនុស្សម្នាក់គឺជា អត្ដសញ្ញាណបុគ្គល)
សូមបងប្អូនម្ចាស់អាជីវកម្មបញ្ឍប់សកម្មភាពជាបន្ទាន់ ជៀសវាងការអនុវត្តនីតិវិធីផ្លូវច្បាប់៕ ប្រភព : ផែនការងារអត្ដសញ្ញាណកម្ម