ខេត្តបន្ទាយមានជ័យ: ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យដឹកនាំកម្លាំងអមដំណើរឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំគណ:កម្មការចម្រុះ ចុះពិនិត្យភូមិសាស្ត្រតំបន់ដីព្រៃលិចទឹកជាប់បឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្ត ដើម្បីកំណត់ព្រំដីនិងឈានទៅដល់ការធ្វើប្លង់កម្មសិទ្ធិសម្បត្តិរដ្ឋ។
ប្រតិបត្តិការនេះដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងគណ:កម្មការចម្រុះ មានការចូលរួមពីលោក លោកស្រី មកពីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ មន្ទីរជំនាញពាក់ពន្ធ័ជុំវិញខេត្ត រួមទាំងកម្លាំងប្រដាប់ អាវុធ នគរបាល កងរាជអាវុធហត្ថនិងយោធាជាច្រើនរូប ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា ប្រតិបត្តិការនេះក្រុមការងារយើងបានចុះដល់បង្គោលលេខ៧នៃបង្គោលកំណត់ព្រំដីតំបន់៣ គឺ១-ដើម្បីចុះពិនិត្យមើលភូមិសាស្រ្តដីព្រៃលិចទឹក ២-ដើម្បីកំណត់ព្រំដីឈានទៅដល់ការចុះបញ្ជីធ្វើប្លង់កម្មសិទ្ធិរបស់រដ្ឋ អនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបានបន្តទៀតថា បច្ចប្បន្នដីព្រៃលិចទឹកក្នុងតំបន់៣ ដែលកំណត់ដោយរដ្ឋាភិបាលនៅខេត្តបន្ទាយមានជ័យមានប្រមាណជាង១២០០០ ហិចតា គឺនៅក្នុងឃុំចំនួន៣នៃស្រុកចំនួន២ គឺឃុំប្រាសាទ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ និង ឃុំសំបួរ ស្រុកមង្គលបុរី ។ ការពិនិត្យនេះផងដែលគឺដើម្បីឈានដល់ការលប់បំបាត់ ភាពអនាធិបតេយ្យ និង បង្រ្កាបអ្នកពាក់ព័ន្ធកាន់កាប់ខុសច្បាប់ ៕