ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនដោយមិនស្របច្បាប់ត្រូវចាប់ខ្លួន !!!

ចេញផ្សាយ៖ ថ្ងៃទី១៩ ខែវិឆ្ឆិកា ឆ្នាំ២០២១

ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

ខេត្តបន្ទាយមានជ័យ ៖ ដោយគោរពបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងមានការសម្របសម្រួលពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យនិងអធិការនរបាលស្រុកថ្មពួកបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័ចំនួន០២នាក់ ពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនដោយមិនស្របច្បាប់ចំនួន០៧នាក់ បញ្ជូនមកការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចស្រុកថ្មពួក បានឲ្យដឹងថា៖ជនសង្ស័យមាន៖១/-ឈ្មោះឈៀត ភ័ស្ស ភេទប្រុសអាយុ១៩ឆ្នាំ នៅភូមិវល្លិប្រេង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជននេះត្រូវបានកម្លាំងនគរបាល ស្រុកថ្មពួក ឃាត់ខ្លួននៅថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ២០២១ តាមការចង្អុលបង្ហាញពីពលករខ្មែរចំនួន០៧នាក់ ស្រី០៣នាក់ បម្រុងឆ្លងដែនទៅប្រទេសថៃ ហើយត្រូវបានកម្លាំងនគរបាលយើងទប់ស្កាត់និងសួរនាំថាឈ្មោះឈៀត ភ័ស្ស ជាអ្នកជូនផ្លូវដោយគេយកថ្លៃក្នុងម្នាក់៥០០បាត ។

សមត្ថកិច្ចស្រុកថ្មពួកបានបញ្ជាក់ថា៖ក្រោយពីឃាត់ខ្លួននិងសួរនាំ ឈ្មោះ ឈៀត ភ័ស្ស បានសារភាពថា មានឈ្មោះ ឃឹម សំណាង ហៅ ចាន់ ភេទប្រុសអាយុ៤៨ឆ្នាំ នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ជាអ្នកឲ្យខ្លួនជូនមនុស្សទាំងនោះ ដោយយកថ្លៃម្នាក់៥០០បាត ។ក្រោយពីបានចម្លើយរបស់ឈ្មោះភ័ស្ស កម្លាំងនគរបាលស្រុកបានបន្តឃាត់ខ្លួនឈ្មោះឃឹម សំណាង ហៅ ចាន់ មកសួរនាំ នៅវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ប៉ុន្តែជនសង្ស័យបានឆ្លើយបដិសេធថាខ្លួនពុំបានទំនាក់ទំនងជាមួយឈ្មោះភ័ស្ស ទើបស្គាល់ឈ្មោះភ័ស្សបាន២-៣ថ្ងៃ ប៉ុណ្ណោះ ប៉ុន្តែបើតាមការរាយការណ៍ពីមូលដ្ឋាន ឈ្មោះចាន់ នេះ ជាមុខសញ្ញានាំពលករឆ្លងដែនខុសច្បាប់ ។

បច្ចុប្បន្ន ៖ ជនសង្ស័យទាំងចំនួន០២នាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនមកការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីមានវិធានការបន្តតាមនិតិវិធី ចំណែកពលរទាំង០៧នាក់ បានអប់រំណែនាំនិងធ្វើកិច្ចសន្យារួចឲ្យវិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *