ចេញផ្សាយ៖ ថ្ងៃទី១៥ ខែវិឆ្ឆិកា ឆ្នាំ២០២១
ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
បន្ទាយមានជ័យ:ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ត្រី អេង លីហួ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ចាត់កម្លាំងឃាត់ខ្លួនជនជាតិថៃចំនួន ៦៧នាក់ ស្រី២៤នាក់ ជាបន្តបន្ទាប់ក្នុងអាគារស្នាក់នៅ ៣កន្លែងក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយត្រូវបានបញ្ជូនទៅប្រទេសកំណើតវិញ ។
ពិធីបញ្ជូនពលរដ្ឋថៃត្រឡប់ទៅប្រទេស ត្រូវបានធ្វើឡើងនៅលើស្ពានមិត្តភាពកម្ពុជា-ថៃ ព្រំដែនរវាងក្រុងប៉ោយប៉ែត និងស្រុកអារញ្ញ ក្រោមអធីបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ , លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យចំណុះផែនការងារអន្តោប្រវេសន៍ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតជាច្រើនរូប ភាគីថៃ ឯកឧត្តមអភិបាលខេត្តស្រះកែវ តំណាងស្ថានទូតថៃប្រចាំប្រទេសកម្ពុជា ឯកឧត្តមអគ្គរងនគរបាលជាតិថៃ និងនគរបាលផ្នែកអន្តោប្រវេសន៍ថៃជាច្រើនរូបផងដែរ។
លោកឧត្តមសេនីយ៍ត្រី អេង លីហួ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍បានមានប្រសាសន៍ថា ពលរដ្ឋថៃទាំង៦៧នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនលើទីតាំងចំនួន៤កន្លែងគឺ ១-ផ្ទះសំណាក់ម៉េងហួរ ភូមិសាមគ្គីមានជ័យ ២-អាគារស្នាក់នៅ ១៤០បន្ទប់ក្បែរបុរីសាន្តហូរ ៣-ផ្ទះល្វែងក្បែរបុរីសាន្តហូរ ៤-កាស៊ីណូប៉ូលី។ ជនជាតិថៃទាំងនោះភាគច្រើន គឺគ្មានលិខិតឆ្លងដែន និងមានលិខិតឆ្លងដែនផុតសុពលភាព ពួកគេបានមកស្នាក់នៅ និងធ្វើការដោយខុសច្បាប់ក្នុងក្រុងប៉ោយប៉ែត។
បច្ចុប្បន្ន ៖ ពាក់ពន្ធ័ករណីនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ថា ជនជាតិថៃទាំង៦៧នាក់ ក្នុងនោះស្រី២៤នាក់ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតកាលពីថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០២១កន្លង ទៅ ពាក់ព័ន្ធលួចឆ្លងដែនមកស្នាក់នៅនិងធ្វើការខុសច្បាប់នៅក្នុងទឹកដីប្រទេសកម្ពុជា ៕ ដោយ ៖ លោក សុខ លន់