ចេញផ្សាយ៖ ថ្ងៃទី០៦ ខែវិឆ្ឆិកា ឆ្នាំ២០២១
ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
www.cambodiastardailynews.com
ខេត្តបន្ទាយមានជ័យ ៖ នាយប់ថ្ងៃសុក្រ ១កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២១និង១០នាទីយប់ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពល ដាក់បទបញ្ជាយ៉ាងតឹងរឹង ការពារ នៅតាមបន្ទាត់ព្រំដែន ក្នុងការ រឹតបន្តឹងសន្តិសុខព្រំដែនទប់ស្កាត់ពលករលួចឆ្លងដែន ជាពិសេសបានចាត់តាំងកម្លាំងចុះស៊ើបអង្កេតស្វែងរកមុខសញ្ញាមេខ្យល់ ចាប់ខ្លួនបញ្ជូនឲ្យសមត្ថកិច្ចជំនាញចាត់ការតាមផ្លូវច្បាប់ ។
នៅលើដងផ្លូវ ភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ កម្លាំងអន្តរាគមន៍កងពលតូចថ្មេីរជេីងលេខ៥១ សហការជាមួយកម្លាំងប៉ូលីសប៉ុស្តិ៍សិលាខ្មែរ កងការពារព្រំដែនលេខ៥០៣ ធ្វើការឃាត់ខ្លួនពលរដ្ឋខ្មែរបម្រុងលួចឆ្លងដែនទៅប្រទេសថៃ ចំនួន៩នាក់ ស្រី៣នាក់ ប្រុស៦នាក់ និងមធ្យោបាយធ្វើដំណើរ ម៉ូតូ៣គ្រឿង។
គួបញ្ជាក់ផងដែរថា ៖ ចាប់តាំងពីកងកម្លាំងកងពលតូចថ្មេីរជេីងលេខ៥១ ត្រូវបានបញ្ជូនទៅបំពេញប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុះ ទប់ស្កាត់ពលករលួចឆ្លងដែន និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បាន ឃាត់ខ្លួនពលករឆ្លងដែនបញ្ជូនទៅមណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួនមេខ្យល់បានមួយចំនួន បញ្ជូនទៅសមត្ថកិច្ចជំនាញចាត់វិធានការតាមផ្លូវច្បាប់ ។
ឆ្លៀតក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានធ្វេីការណែនាំដល់បងប្អូនប្រជាពលរដ្ឋ កុំបន្តចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូល នាំពលករឆ្លងដែនខុសច្បាប់ ដោយមិនគិតពីសុវត្ថិភាព និងខាតបង់ប្រាក់កាសជាបន្តបន្ទាប់ ជាពិសេសសូមបន្តចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ អោយបានទាំងអស់គ្នា និងបាន ប្រគល់ពួកគាត់អោយទៅអាជ្ញាធរ ដើម្បីសាកសួរនឹងបញ្ជូនទៅធ្វើចត្តាឡីស័ក ៕ ដោយៈ លោក ពុំ សុផល