ខេត្តបន្ទាយមានជ័យ ៖ ជ្រូករស់ក្លាស្សេចំនួន ១៦០ក្បាលដឹកតាមរថយន្ត១គ្រឿង តាមច្រករបៀងចេញពីប្រទេសថៃត្រូវ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសការិយាល័យ សហការជាមួយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យឃាត់ចាប់បាននៅវេលាម៉ោង១១យប់ ថ្ងៃទី ៤ ខែវិច្ឆិការ ឆ្នាំ២០២១។
មន្ត្រីចំរុះបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថានៅយប់នោះកំលាំងបានចេញស្ទាក់ចាប់បានរថយន្ត១គ្រឿងម៉ាក សាំយ៉ុង ពណ៍សំបកឪឡឹកពាក់ស្លាកលេខ ពោធិ៍សាត់ 2A-1140 នៅត្រង់ចំណុចមុខវត្តខ្លែងពណ៌ ភូមិខ្លែងពណ៌ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ អ្នកបើក
ដោយឈ្មោះ យនសាម៉េត អាយុ ៣៧ឆ្នាំមានទីលំនៅ នៅភូមិស្រឡៅជ្រុំ ឃុំ សិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្រោយពីឃាត់រថយន្តហើយកំលាំងចំរុះឆែកឆេរក្នុងរថយន្តរកឃើញ ជ្រូករស់ក្លាស្សេចំនួន ១៦០ក្បាល ។
កំលាំងចំរុះបានបញ្ជាក់ឲ្យដឹងបន្តទៀតថាក្រោយពីពិនិត្យជាក់ស្ដែងឃើញថាពុំមានលិខិតអនុញ្ញាតិដឹកជញ្ជូនអ្វីទាំងអស់និងមានការដឹកជញ្ជូនមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងមានការប្រែប្រួលសភាពដើម និងមានក្លិនស្អុយ ទើបមន្ត្រីចំរុះសម្រេចដុតកំទេចចោល នៅវេលាម៉ោង ១២ និង ៣០នាទី រសៀល នៅថ្ងៃទី ៤ ខែវិច្ឆិការ ឆ្នាំ២០២១ តែម្តង ។
កំលាំងចំរុះបានបញ្ជាក់ឲ្យដឹងបន្តទៀតថាបណ្ដាអាជីវករមួយចំនួនតូចនៅតែបន្តបំពានក្នុងការទិញជ្រូកមិនសុចរិតកណ្ដាលឲ្យច្រករបៀងនៅតាមបណ្តោយខ្មែរ ថៃ ត្រូវបានក្រុមឈ្មួញខុសច្បាប់នៅតែលួចដឹកជ្រូករស់ក្លាស្សេនាំចូលដោយគ្មានការត្រួតពិនិត្យយកមកលក់ក្នុងទីផ្សារ ដែលជាហេតុបង្កការលំបាកក្នុងការទប់ស្កាត់និងបង្ក្រាបអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរជាយថាហេតុដល់សុខភាពសុវត្ថិភាពរបស់អ្នកប្រើប្រាស់ជាដើម ចំណែកឯម្ចាស់រថយន្តនិងរថយន្តកំលាំងចំរុះយកទៅធ្វើតាមនិតិវិធីនៃច្បាប់ ៕