លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម​ ចាត់កម្លាំងចូលរួមកិច្ចសហប្រតិបត្តិការជាមួយកម្លាំងជំនាញមន្ទីប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម !!!

ចេញផ្សាយ៖ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១

ខេត្តកំពង់ចាម ៖ ដោយទទួល​បានអនុសាសន៍ចង្អុលការណែនាំដ៏ខ្ពង់ខ្ពស់​ពី​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ និងឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល​នៃគណៈអភិបាលខេត្ត​កំពង់ចាម​ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីទទួលការជូនដំណឹង​ និងស្នើរសុំការសហការពីកម្លាំងមន្ទីប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងទទួលផែនការិយាល័យប្រឆាំងការសំអាតប្រាក់ «ក»៥ នៃមន្ទីប្រឆាំងគ្រឿងញៀន នឹងទទួលបានការឯកភាពពីលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម​ បានចាត់បញ្ជាឲ្យកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀនខេត្ត ជាមួយកម្លាំងអន្តរាគមន៍ តម្រួតបទបញ្ជា និងកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់​ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនចូលរួមសហការជាមួយកម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន«ក»៥ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី​ នាយករង ទទួលផែនការិយាល័យប្រឆាំងការសំអាតប្រាក់ «ក»៥ នៃមន្ទីប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការបង្ក្រាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ។

វត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀន ចំនួន០២កញ្ចប់ធំ មានទម្ងន់ ២,០៦៩.២៧ក្រាម ទាំងសំបក រថយន្ត ម៉ាកកាមរីបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 2A-2069 ចំនួន ០១គ្រឿង និងទូរស័ព្ទដៃ០៣គ្រឿង ។

សូមបញ្ជាក់ ៖ នៅថ្ងៃ​ទី២៩-៣០​ ខែតុលា​ ឆ្នាំ​២០២១នេះ​ កម្លាំង​ជំនាញ​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ បានបន្តបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម​ កុសល ស្នងការនគរបាលខេត្តកំពង់ចាម​ ដោយបានការឯកភាពពីលោក ហាក់ ហ៊ាន់​ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចាត់បញ្ជាឲ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលសូទិព្វ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់​ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាប ករណី ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន ២៥នាក់ ។

ដកហូតវត្ថុតាងរួមមាន÷ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៦កញ្ចប់ (ធំ ០១កញ្ចប់), ទូរស័ព្ទដៃចំនួន ២៥គ្រឿង, ថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន និងម៉ូតូចំនួន ០២គ្រឿង ។

សូមបញ្ជាក់ថា ជនសង្ស័យខាងលើ បានយកសំណាកធ្វើតេស្តស្វែងរកមេរោគកូវីដ-១៩ ជាលទ្ធផល (អវិជ្ជមាន) បន្ទាប់ពីបញ្ចប់កិច្ចប្រតិបត្តិការ កម្លាំងមន្ទីប្រឆាំងគ្រឿងញៀនក៏បានប្រគល់ករណីខាងលើនេះអោយមកកម្លាំងជំនាញប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមដើម្បីកសាងសំណុំរឿងបញ្ជូនទៅតាមនិតិវិធីច្បាប់​ ។

ឆ្លៀតក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ស្នងការ​ បានដាក់បទបញ្ជាយ៉ាងមុឹងម៉ាត់​ ឲ្យកម្លាំងជំនាញបន្ត​ខិតខំ​បង្ក្រាប​ និងបោសសម្អាតករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម​ ដោយបានអនុវត្តកន្លងមកនេះ​ បានល្អប្រសេី​រ គួរឲ្យគត់សម្គាល់​ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *