ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង១០ និង៣០នាទីយប់មានអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន២ល្វែង និងរោង មួយខ្នង បង្កការភ្នាក់ផ្អើលទាំងយប់ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ដោយយោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា អគ្គីភ័យបង្កឲ្យមានការឆាបឆេះនេះ បណ្តាលមកពីទុរស្សេខ្សែភ្លើង និងឆ្លងចរន្តអគ្គីសនី ដោយឡែកប្រភពពីសមត្ថកិច្ចនៅកន្លែងកើតហេតុវិញបានបញ្ជាក់ថា អគ្គីភ័យខាងលើនេះ ឆេះផ្ទះអស់០១ខ្នង ស្មើនិង២ល្វែង សាងសង់ពីឈើលាយដែកប្រក់ស័ង្កសី និងឆេះរោងមួយខ្នងសង់អំពីឈើប្រក់ស័ង្កសី ចំណែកទំហំនៃការខូចខាតមិនទាន់អាចកំណត់បាននៅឡើយទេ ។
ក្រោយពីកើតហេតុភ្លាមនោះ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគបាលក្រុងប៉ោយប៉ែត និងលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំង និងនាំយករថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង សហការជាមួយប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានជួយបាញ់ពន្លត់រលត់ទាំងស្រុង ក៏ប៉ុន្តែដោយសារតែរោង និងផ្ទះសង់អំពីឈើទើប
អគ្គីភ័យឆាបឆេះយ៉ាងលឿនបណ្តាលឲ្យខូចខាតសម្ភារៈទាំងស្រុងតែម្តង ប៉ុន្តែមិនបណ្តាលអោយរងគ្រោះថ្នាក់ដល់ជីវិតមនុស្សនោះទេ រថយន្តពន្លត់អគ្គីភ័យបានទប់ស្កាត់មិនឲ្យឆ្លងរីករាលដាលទៅផ្ទះអ្នកជិតខាងឡើយ ៕ រាយការណ៍ដោយៈ ណៃ ថាន