ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានយកកាំភ្លើងខ្លីបាញ់ និងកាប់លើជនរងគ្រោះ សមត្ថកិច្ចមិនបានប្រងើយកន្តើយនោះទេ គឺកំពុងបន្តស្រាវជ្រាវយ៉ាងសកម្មរកជនល្មើស !!!
ចេញផ្សាយ៖ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១
ខេត្តកណ្ដាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតប ចំពោះគណនីហ្វេសប៊ុកឈ្មោះ Navatra DM ដែលបានបង្ហោះផ្សព្វផ្សាយ មានខ្លឹមសារថា៖ ខ្ញុំបាទឈ្មោះ ដឿន ឧត្តម ត្រូវជាកូនប្រុសរបស់ឈ្មោះ សុន ស្រឿន ដែលជាជនរងគ្រោះដោយអំពើឃាតកម្មយ៉ាងព្រៃផ្សៃ ម៉ែរបស់ខ្ញុំដេកស្លាប់ នៅក្នុងថ្លុកឈាមដែលត្រូវគ្រាប់កាំភ្លើងជាច្រើនគ្រាប់ហើយមានទាំងស្នាមកាប់ថែមទៀត ចំណែកឪពុកខ្ញុំវិញរង់របួសយ៉ាងធ្ងន់ធ្ងរដោយពិការដៃនឹងពិការជើងមួយចំហៀងទៀត រាល់ថ្ងៃនេះគ្រួសាររបស់ខ្ញុំរស់ទាំងភ័យខ្លាចដោយសារមិនទាន់ចាប់បានជនល្មើសជាខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់ម៉ែរបស់ខ្ញុំ។
កើតហេតុតាំងពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ម្តាយខ្ញុំគាត់ស្លាប់ចំនួន១២០ថ្ងៃហើយចំណែកឯខាងអធិការស្រុកខ្សាច់កណ្តាល ស្នងការខេត្តកណ្តាលវិញដូចជាគ្មានពន្លឺអីបន្តិចសោះបើអញ្ចឹងមានតែលើកម្រាមដៃដប់សំពះស្នើសុំដល់សម្តេចអ៊ុំក្រឡាហោម ស ខេង អោយជួយរកយុត្តិធម៌ដល់គ្រួសារខ្ញុំបាទផង។ សូមបងប្អូនពូមីងទាំងអស់ដែលលេងបណ្តាញសង្គមហ្វេសប៊ុកជួយស៊ែរអោយដល់សម្តេចអ៊ុំក្រឡាហោម ស ខេង ផង។
ក្រោយពីទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានចាត់ឲ្យកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ស្រាវជ្រាវករណីខាងលើដោយយកចិត្តទុកដាក់បំផុត។
ជាលទ្ធផល៖
នៅថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៥:០០នាទី កម្លាំងនគរបាលយុត្តិធម៌ នៃអធិការដ្ឋានស្រុកខ្សាច់កណ្តាល សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្តាល កំពុងតែខិតខំស្រាវជ្រាវ ករណី ឃាតកម្ម កើតហេតុថ្ងៃទី ០៥.០៧.២០២១ វេលាម៉ោង ១:០០នាទីរំលងអាធ្រាត្រ នៅចំណុចរោងចាំទា នៅព្រែកដូនឯម ភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
សភាពនៃរឿងហេតុ៖ នៅថ្ងៃទី០៥.០៧.២០២១ មានក្រុមជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានយកកាំភ្លើងខ្លីបាញ់ និងកាប់លើជនរងគ្រោះឈ្មោះ សុន ស្រឿន ភេទស្រី អាយុ៤៩ឆ្នាំ បណ្តាលឲ្យស្លាប់ និងឈ្មោះ យឹម គឹមហុក ភេទប្រុស អាយុ៤៥ឆ្នាំ ជាប្តី បណ្តាលឲ្យរងរបួសធ្ងន់ រួចនាំគ្នាគេចខ្លួនអស់។
ករណីនេះសមត្ថកិច្ចនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល សហការជាមួយកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កំពុងយកចិត្តទុកដាក់ស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ និងរកយុត្តិធម៌ជូនជនរងគ្រោះ ដោយបានហៅ សាក្សីនៅជុំវិញកន្លែងកើតហេតុ មកសាកសួរ មុនពេលកើតហេតុ ក្នុងពេលកើតហេតុ និងក្រោយពេលកើតហេតុ ដើម្បីកំណត់មុខសញ្ញាជនស្ស័យយកមកផ្តន្ទាទោសតាមច្បាប់។
គួរបញ្ជាក់ថា ៖ ចំពោះករណីនេះ សមត្ថកិច្ចមិនបានប្រងើយកន្តើយនោះទេ គឺកំពុងបន្តស្រាវជ្រាវយ៉ាងសកម្មរកជនល្មើសដើម្បីយកមកផ្តទ្ទាទោសតាមច្បាប់ឲ្យខានតែបាន ។
អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់ក្នុងបណ្តាញសង្គមមេត្តាជ្រាប៕ ដោយៈកញ្ញា ឡាយ ចាន់ដាលីន និពន្ធនាយក
គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍