លទ្ធផលក្រោយបញ្ចប់កិច្ចប្រជុំ GBC កម្ពុជា-ថៃ បានទទួលការសាទរ និងគាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់ប្រទេសធំៗទាំងសហរដ្ឋអាមេរិក និងចិន!!!

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា ក្រោយការសម្រេចបាននូវលទ្ធផលក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលទើបបានបញ្ចប់កាលពីថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២៥ ក្នុងទីក្រុង គូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយក្នុងលទ្ធផលនៃកិច្ចប្រជុំនេះមានការសាទរ គាំទ្រយ៉ាងខ្លាំងក្លា ពិសេសពីសំណាក់រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក និងក្រសួងការបរទេសចិន។

ថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា ក្រៅអំពីបង្ហាញការសាទរពីសំណាក់ប្រទេសធំៗចំនួនពីគឺរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក និងក្រសួងការបរទេសចិនហើយ ក្នុងថ្ងៃដដែលនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាក៏បានផ្ញើរលិខិតផ្លូវការមួយទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាព ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ត្រាំ សម្រាប់ពានរង្វាន់ណូបែលសន្តិភាព ។

ស្របពេលជាមួយគ្នានេះដែរ អ្នកនាំពាក្យរងក្រសួងការបរទេស លោក Tommy Pigott បានថ្លែងថា៖ «សហរដ្ឋអាមេរិក ស្វាគមន៍កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅនៅថ្ងៃនេះ នៅទីក្រុងគូឡាឡាំពួរ ដែលជាជំហានដំបូងប្រកបដោយការស្ថាបនា ក្នុងការរៀបចំបទឈប់បាញ់នៅកម្ពុជា-ថៃ។ លោកប្រធានាធិបតី Donald J. Trump និងលោករដ្ឋមន្ត្រីការបរទេស Rubio អំពាវនាវឱ្យរដ្ឋាភិបាលទាំងពីរគោរពឱ្យបានពេញលេញ នូវការប្តេជ្ញាចិត្តរបស់ពួកគេ និងបន្តសន្តិភាពយូរអង្វែង»។

ចំណែក ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន កាលពីថ្ងៃទី០៧ ខែ សីហា ឆ្នាំ ២០២៥បានថ្លែងដោយបញ្ជាក់ថា៖ «ប្រទេសចិនស្វាគមន៍ការយល់ព្រមរវាងកម្ពុជា និងថៃ លើការរៀបចំការអនុវត្តយន្តការត្រួតពិនិត្យបទឈប់បាញ់»។

ជាមួយគ្នានេះដែរ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នាថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២៥នេះ ឯកឧត្ដម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាក៏បានបង្ហាញការអបអរសាទរចំពោះលទ្ធផលដ៏សំខាន់ និងបំផុសគំនិតដែលសម្រេចបានតាមរយៈក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC)ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី រវាងកម្ពុជា និងថៃ។ ឯកឧត្ដមឯកអគ្គរដ្ឋទូតបានបញ្ជាក់បន្ថែមថា៖ «យើងនឹងបន្តគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃបទឈប់បាញ់ និងតួនាទីដ៏សំខាន់របស់ម៉ាឡេស៊ី និងប្រទេសអាស៊ានដទៃទៀត ក្នុងការស្តារសន្តិភាព និងស្ថិរភាពនៅតាមព្រំដែនកម្ពុជា-ថៃ ហើយនឹងបន្តខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការលើកកម្ពស់ការកសាងទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃឡើងវិញ»។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិបានបង្ហាញលទ្ធផលកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅប្រទេសម៉ាឡេស៊ី ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងឯកឧត្តម ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីស្តីទី ក្រសួងការពារជាតិថៃ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្ថាបនា និងវិជ្ជមាន ដែលនាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា ភាគីទាំងពីរក៏បានឯកភាពលើលក្ខខណ្ឌនៃបទឈប់បាញ់ និងការរៀបចំយន្តការសម្រាប់អនុវត្តន៍។ ភាគីកម្ពុជា និងភាគីថៃ បានឯកភាពអនុម័តនូវកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រវាងកម្ពុជា និងថៃ និងសេចក្តីថ្លែងការណ៍រួមទាំងអស់១៣ចំណុច៕ ដោយ៖ មករា

You might like

Leave a Reply

Your email address will not be published. Required fields are marked *