ឆ្នាំ២០២៤ បានបិទបញ្ចប់ទៅមែន ក៏ប៉ុន្តែការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព មិនបញ្ចប់ឡើយ។ ក្នុងរយៈពេល ២សប្តាហ៍ ដើមឆ្នាំថ្មី ឆ្នាំ២០២៥នេះ មន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិ បានបន្តផ្សព្វផ្សាយគោលនយោបាយនេះ ទៅកាន់ប្រជាពលរដ្ឋ បានជាង ២សែននាក់ នៅទូទាំងប្រទេស។ បើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ការផ្សព្វផ្សាយគោលនយោបាយនេះ ត្រូវបានធ្វើឡើងតាមទម្រង់កម្មវិធីជាច្រើនរួមមាន៖ វេទិកាសាធារណៈ វេទិកាផ្សព្វផ្សាយតាមខ្នងផ្ទះ កិច្ចប្រជុំ និងកម្មវិធីសង្គម និងសាសនា ដែលរៀបចំនៅតាមបណ្ដាមូលដ្ឋាននានា សរុបជាង ៤ពាន់លើក។
ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាមរតកគោលនយោបាយដ៏ត្រឹមត្រូវមួយរបស់អតីតរាជរដ្ឋាភិបាលនីតិកាលទី៦ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដោយមានលក្ខណៈសម្បត្តិ ៧យ៉ាង ក្នុងន័យធានាសន្តិសុខ សុវត្ថិភាព គុណភាពសេវា និងការរស់នៅប្រកបដោយភាពស៊ីវិល័យរបស់ប្រជាជន។ នៅនីតិកាលទី៧នេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដោយមានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាសេនាធិការ បានបង្កើនការយកចិត្តទុកដាក់ដើម្បីធានាថា លក្ខណសម្បត្តិនៃគោលនយោបាយនេះ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។
សូមបញ្ជាក់ថា គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព មានលក្ខណៈសម្បត្តិ៧យ៉ាង រួមមាន៖ ទី១. ការផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាល ប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត ទី២. គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ទី៣. មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ ទី៤. គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង ទី៥. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ទី៦. មានអនាម័យ មានសោភណ្ឌភាពល្អ និងមានបរិស្ថានល្អ និងទី៧. ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព៕កញ្ញា សេង សុខហ៊ុន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ