ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សម្តែងនូវការខកចិត្តជាខ្លាំងចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលបានចោទប្រកាន់យ៉ាងអយុត្តិធម៌មកលើកម្ពុជា ដោយផ្អែកលើព័ត៌មានមិនពិត និង របាយការណ៍តែម្ខាង។
ការចោទប្រកាន់របស់សភាអឺរ៉ុបមកលើកម្ពុជា ទាំងអយុត្តិធម៌នេះ បានធ្វើឱ្យប៉ះពាល់ដល់កិច្ច ខិតខំប្រឹងប្រែងឥតឈប់ឈររបស់កម្ពុជា ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ព្រមទាំង គោលការណ៍ប្រជាធិបតេយ្យនៅកម្ពុជា។ ការអំពាវនាវនៅក្នុងសេចក្តីសម្រេចរបស់សភាអឺរ៉ុប ទាមទារឱ្យមានការដោះលែងអ្នកទោសនយោបាយ សកម្មជន និងអ្នកសារព័ត៌មាន ពុំបានឆ្លុះបញ្ចាំងពីការពិត នៅកម្ពុជានោះឡើយ។ ជាក់ស្តែងណាស់នៅកម្ពុជា មិនទាន់មានអ្នកទោសនយោបាយនោះទេ។
សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក្នុងនាមជាអង្គការសង្គមស៊ីវិលមួយ នៅក្នុងព្រះរាជាណា ចក្រកម្ពុជា ដែលបាន និងកំពុងធ្វើសកម្មភាពលើវិស័យសារព័ត៌មានដែរនោះ សូមច្រានចោល ចំពោះការលើកឡើងរបស់សភាអឺរ៉ុប ដែលថា អាជ្ញាធរកម្ពុជា កំពុងប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌ ជាវិធី ដើម្បីបំបិទមាត់សង្គមស៊ីវិលនោះ គឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ៕