ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែវិច្ឆិការ ឆ្នាំ២០២៤ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ ដល់កងកម្លាំងនគរបាលទូទាំងខេត្ត។
លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរះ ស្នងការរង ផែនការងារសេនាធិការ បានឡើងអានរបាយការណ៍បូកសរុបសភាពការណ៍ លទ្ធផលប្រតិបត្តិការ ដែលសម្រេចបានក្នុងខែកន្លងមក និងផ្សព្វផ្សាយលិខិតបទដ្ឋានគិត្តិយុត្តិនានាដល់កងកម្លាំង។
លោកឧត្តមសេនីយត្រី ង៉ាន់ ចិន្តា ស្នងការរង ផែនការងារសណ្តាប់ធ្នាប់ បានថ្លែងជម្រុញដល់ការិយាល័យជំនាញ និងតាមបណ្តាអធិការដ្ឋាននគរបាលក្រុងស្រុកត្រូវពង្រឹងការងារសណ្តាប់ធ្នាប់ និងបន្តផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន សិស្សតាមគ្រឹះស្ថានសិក្សា និងអ្នកដំណើរឲ្យបានទូលំទូលាយ ដើម្បីរួមចំណែកកាត់បន្ថយ អត្រាគ្រោះថ្នាក់ឲ្យនៅកម្រិតទាបបំផុត។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងកោតសសើរដល់លោក លោកស្រី ថ្នាក់ដឹកនាំ និងកងកម្លាំង គ្រប់អង្គភាពចំណុះស្នងការដ្ឋានទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត បំពេញ តួនាទី ភារកិច្ច រហូតទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។
ទន្ទឹមគ្នានោះលោកឧត្តមសេនីយ៍ទោស្នងការ ក៏បានជម្រុញដល់កម្លាំងនគរបាលទាំងអស់ ត្រូវបន្តពង្រឹងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ, បន្តពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា, បន្តស្រាវជ្រាវបង្ក្រាបបទល្មើសគ្រប់ប្រភេទ, ពង្រឹងការគ្រប់គ្រងការស្នាក់នៅរបស់ជនបរទេស, ទប់ស្កាត់រាល់បទល្មើសឆ្លងដែនខុសច្បាប់ និងទំនិញគេចពន្ធគ្រប់ប្រភេទ រួមទាំងឱសថក្លែងក្លាយ៕