ភ្នំពេញ ៖ ឯកឧត្តម សឹង ម៉ុន អនុប្រធាននៃអនុគណៈកម្មការគ្រប់គ្រង និងទ្រទ្រង់ទូក ង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ទូក ង «ធីវេតតេជះឈ្នះអស់ការលំបាក» ដែលឧបត្ថម្ភដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមប្រកួតប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ។
បើតាមឯកឧត្តម សឹង ម៉ុន បានពន្យល់ថា ទូក ង ធីវេតតេជះឈ្នះអស់ការលំបាកដែលឧបត្ថម្ភដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគឺមានអត្ថន័យសំដៅលើ វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាកម្មវិធីបណ្តុះបណ្តាលជំនាញថ្នាក់ជាតិដែលកំពុងចូលរួមយ៉ាងសកម្មលើការផលិតមូលធនមនុស្ស និងអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ ចំណេះដឹង សមត្ថភាព ដល់យុវជន និងពលរដ្ឋទូទៅជាពិសេសកម្មវិធី TVET ១,៥លាននាក់ គឺផ្តល់ការបណ្តុះបណ្តាលដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែទៀតផង សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។
ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា ទូក ង «ធីវេតតេជះឈ្នះអស់ការលំបាក» មានការប្តេជ្ញាខ្ពស់ក្នុងការប្រជែងយកជ័យលាភីជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីបង្ហាញពីសក្តានុពលលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) របស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីជួយលើកកម្ពស់កម្មវិធីបណ្តុះបណ្តាលជំនាញថ្នាក់ជាតិមួយនេះឱ្យកាន់តែទូលំទូលាយដល់ស្រទាប់មហាជន យុវជននៅទូទាំងប្រទេសផងដែរ។
បន្ថែមពីនេះ ឯកឧត្តម ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សាធារណជនចូលរួមទស្សនាការប្រណាំងទូក ង នាថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ឱ្យបានច្រើនកុះករដើម្បីផ្តល់កម្លាំងចិត្តដល់កីឡាករទូក ង៕