«បើខ្ញុំប្ដូរទីលំនៅ ត្រូវប្ដូរសៀវភៅស្នាក់នៅទេ? តើធ្វើដូចម្ដេច និងធ្វើនៅឯណា? សូមអានដើម្បីដឹង !!! 

សៀវភៅស្នាក់នៅ ជាសៀវភៅប្រើប្រាស់សម្រាប់ជាវិធានការនគរបាល ដើម្បីស្រង់ព័ត៌មានអំពីចំនួន មនុស្សដែលស្នាក់នៅក្នុងលំនៅឋាននីមួយៗ រួមទាំងលំនៅឋាននៃទីតាំងប្រមូលផ្តុំ។ សៀវភៅនេះ ពុំអាចត្រូវបានប្រើប្រាស់ធ្វើជាឯកសារសម្រាប់អះអាង ឬបញ្ជាក់ពីភាពជាកម្មសិទ្ធិលើលំនៅឋានបានឡើយ និងផ្តល់បានតែមួយគត់ជូនចំពោះបុគ្គល ឬគ្រួសារ ឬក្រុមគ្រួសារដែលជាម្ចាស់ ឬជាអ្នកជួលកំពុងស្នាក់នៅក្នុងលំនៅឋានអចិន្ត្រៃយ៍ ណាមួយជាកំណត់ ទោះបុគ្គល ឬគ្រួសារ ឬក្រុមគ្រួសារនោះមានលំនៅឋានលើសពីមួយក៏ដោយ។

មានសំនួរពីពលរដ្ឋម្នាក់សួរថា «ប្រសិនបើខ្ញុំ ប្ដូរទីលំនៅ ឧទាហរណ៍ ពីឃុំមួយទៅសង្កាត់មួយ ឬរហូតពីខេត្ត មករាជធានីភ្នំពេញ តើត្រូវប្ដូរសៀវភៅស្នាក់នៅទេ? និងធ្វើយ៉ាងដូចម្ដេច?

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ថា ព្រោះតែដើម្បីឆ្លើយតបនឹងបញ្ហានេះហើយ ទើបបានជាអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ បានកំណត់ក្នុងសេចក្ដីណែនាំលេខ០០១ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ យ៉ាងច្បាស់ថា ការផ្លាស់ប្តូទីលំនៅ ឬតាំងទីលំនៅថ្មី មិនថាពីភូមិមួយទៅភូមិមួយ ឬពីឃុំមួយទៅឃុំមួយ ឬពីខេត្តមកភ្នំពេញ ពីភ្នំពេញទៅខេត្ត គឺសាមីខ្លួនត្រូវតែធ្វើសៀវភៅស្នាក់នៅថ្មី ដោយមានឯកសារតម្រូវ និងអនុវត្តនីតិវិធីដូចខាងក្រោម៖

ទី១.សាមីខ្លួន ឬអាណាព្យាបាល ត្រូវតែជាប្រជាពលរដ្ឋខ្មែរ និងមានសញ្ជាតិខ្មែរ ហើយត្រូវទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ដែលជាទីលំនៅអចិន្ត្រៃយ៍របស់ខ្លួន ដើម្បីស្នើសុំបំពេញនូវសុំណុំបែបបទដែលត្រូវផ្លាស់ចេញ និងបញ្ចាក់ឱ្យបានច្បាស់ចំពោះទីលំនៅថ្មីដែលខ្លួនត្រូវផ្លាស់ទៅនៅទីនោះ ព្រមទាំងភ្ជាប់ជានូវឯកសារមួយចំនួនរួមមាន សៀវភៅគ្រួសារ (បញ្ជាក់) សៀវភៅស្នាក់នៅ (បញ្ជាក់) ឬសំបុត្រកំណើត សំបុត្របញ្ជាក់កំណើត ឬសេចក្តីចំឡងសំបុត្របញ្ជាក់កំណើត និងអត្តសញ្ញាណប័ណ្ណ (ថតចម្លង) និងសំបុត្រអាពាហ៍ពិពាហ៍បើមាន ទៅតាមការស្នើសុំរបស់អាជ្ញាធរ។

ទី.២ នៅពេលដែលទទួលបានលិខិតអនុញ្ញាតពីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់រួចហើយសាមីខ្លួន ឬអាណាព្យាបាលត្រូវកាន់លិខិតអនុញ្ញាតនោះ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ថ្មី ដែលត្រូវផ្លាស់ចូល ដោយភ្ជាប់បន្ថែមជាមួយឯកសារមួយចំនួនរួមមាន សៀវភៅគ្រួសារ (បញ្ជាក់) សៀវភៅស្នាក់នៅ (បញ្ជាក់) ឬសំបុត្រកំណើត សំបុត្របញ្ជាក់កំណើត ឬសេចក្តីចំឡងសំបុត្របញ្ជាក់កំណើត និងអត្តសញ្ញាណប័ណ្ណ (ថតចម្លង) និងសំបុត្រអាពាហ៍ពិពាហ៍បើមាន ដើម្បីចុះឈ្មោះស្នើសុំសៀវភៅស្នាក់នៅ ជាគ្រួសារអចិន្រ្តៃយ៍ ក្នុងនាមជាប្រជាពលរដ្ឋរស់នៅដោយស្របច្បាប់នៅក្នុងមូលដ្ឋានថ្មី មានន័យថា ឈ្មោះរបស់លោកអ្នកដែលមាននៅមូលដ្ឋានចាស់ត្រូវបានលុបចេញជាស្វ័យប្រវត្តិ។

ត្រង់ចំណុចខាងលើនេះ យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃលេខ ២៨៨៤ ប្រ.ក ស្តីពីការផ្ទេរសមត្ថកិច្ចក្នុងការផ្តល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ គឺសៀវភៅស្នាក់នៅទុតិយតា (ធ្វើឡើងវិញ) ការធ្វើលិខិតបញ្ជាក់ទីលំនៅ ការកែប្រែសមាជិកគ្រួសារ ការផ្លាស់ប្ដូរទីលំនៅ និងរាល់ការកែតម្រូវទិន្នន័យក្នុងបញ្ជីស្នាក់នៅ ត្រូវបានផ្ទេរពីរដ្ឋបាលស្រុក (អធិការនគរបាល) ទៅកម្រិតឃុំសង្កាត់ (ប៉ុស្ដិ៍នគរបាល)។

បើតាមលោកបណ្ឌិត ទូច សុឃៈ ចំណុចខាងលើនេះ គឺមានន័យថាពីមុនសៀវភៅស្នាក់នៅដែលធ្លាប់ធ្វើនៅអធិការដ្ឋាននគរបាលស្រុក ឬខណ្ឌ ត្រូវរុញទម្លាក់មកនៅត្រឹមប៉ុស្តិ៍នគរបាលឃុំ សង្កាត់ជំនួសវិញ ដើម្បីផ្តល់ភាពងាយស្រួលជូនដល់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងទស្សនៈដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គឺធ្វើអ្វីៗដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ៕ ដោយ សេង បូលីន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

You might like

Leave a Reply

Your email address will not be published. Required fields are marked *