កុំឱ្យខកជើងនិងសង្ស័យច្រើន! ខាងក្រោមនេះ ជាសេវាមាននៅច្រកចេញចូលតែមួយនៃ ឃុំ- សង្កាត់ របស់អ្នក !!!

យោងតាមប្រការ១២ នៃប្រកាសអន្តរក្រសួង ស្តីពី ការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនិងឃុំ សង្កាត់ ត្រូវរៀបចំឱ្យមានយន្តការនៃការផ្តល់សេវារដ្ឋបាលនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនតាមលក្ខណៈជាច្រកចេញចូលតែមួយដើម្បីបម្រើប្រជាពលរដ្ឋនិងធុរជនឱ្យទាន់ពេលវេលា។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈមកដល់បច្ចុប្បន្ន ឃុំ-សង្កាត់ទូទាំងប្រទេស ទាំង១៦៥២ បាននឹងកំពុងដាក់ដំណើរការ យន្តការច្រកចេញចូលតែមួយនេះយ៉ាងសកម្មបំផុត។

ខាងក្រោមនេះ គឺជាបណ្ដុំសេវាដែលមាននៅច្រកចេញចូលតែមួយ ឃុំ- សង្កាត់របស់លោកអ្នក៖

១.ការងារអត្រានុកូលដ្ឋាន មានសេវាសំបុត្រកំណើត សំបុត្របញ្ជាក់កំណើត សេចក្តីចម្លងសំបុត្រកំណើតឬបញ្ជាក់ ប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ សំបុត្រអាពាហ៍ពិពាហ៍( ពលរដ្ឋខ្មែរជាមួយពលរដ្ឋខ្មែរ) សំបុត្រអាពាហ៍ពិពាហ៍( ជនបរទេសជាមួយពលរដ្ឋខ្មែរ) សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព(ក្នុងរយៈពេល១៥ថ្ងៃ) សំបុត្រមរណភាព (ក្នុងរយៈពេល១៥ថ្ងៃហួសក្នុងឆ្នាំ) និងសេចក្តីចម្លងមរណភាព។

២.ការចេញលិខិតបញ្ជាក់ មានសេវាលិខិតបញ្ជាក់ភាពនៅលីវ មេម៉ាយ ឬពោះម៉ាយ លិខិតបញ្ជាក់ទីលំនៅ លិខិតបញ្ជាក់លើកិច្ចសន្យាខ្ជីប្រាក់ លិខិតបញ្ជាក់ប្រវត្តិដីធ្លី លិខិតបញ្ជាក់ទាយាទ លិខិតបញ្ជាក់កិរិយាមាទ លិខិតបញ្ជាក់ប្រវត្តិរូបសង្ខេប លិខិតបញ្ជាក់ទិញលក់សត្វពាហនៈ លិខិតបញ្ជាក់តបណ្តេញអគ្គិសនី លិខិតបញ្ជាក់តបណ្តេញទឹកស្អាត លិខិតបញ្ជាក់ជួលដី ផ្ទះ តូប យានជំនិះ លិខិតបញ្ជាក់ផ្ទះជួលបន្ទប់ស្នាក់នៅ និងលិខិតបញ្ជាក់លើលិខិតស្នាមផ្សេងៗទៀត។

បើតាមលោកបណ្ឌិត ទូច សុឃៈ ផ្អែកតាមតម្លៃមានកំណត់ក្នុងប្រកាសអន្តរក្រសួង តម្លៃសេវាទាំងនោះ សេវាមួយចំនួនមិនគិតកម្រៃ ខ្លះបង់ប្រាក់ត្រឹមតែ ២០០០រៀល ខ្លះ៣០០០រៀល ៤០០០រៀល និងខ្លះទៀត៥០០០រៀល និងសេវាមួយចំនួនតូចផ្សេងទៀតបង់ប្រាក់១០០០០រៀល ខណៈពាក្យស្នើសុំសេវារដ្ឋបាលទាំងអស់នោះ ត្រូវផ្តល់ជូនដោយឥតគិតកម្រៃ។ យោងតាមប្រការ៨នៃប្រកាសដដែល រដ្ឋបាល ឃុំ- សង្កាត់ត្រូវបិទផ្សាយជាសាធារណៈលើក្តារព័ត៌មាននៅកន្លែងផ្តល់សេវារដ្ឋបាល និងផ្សព្វផ្សាយព័ត៌មានតាមមធ្យោបាយផ្សេងៗទៀតនូវស្តង់ដារសេវារដ្ឋបាលរួមមាន តារាងកម្រងសេវារដ្ឋបាល ទម្រង់ឯកសារ និងនីតិវិធីសម្រាប់ការផ្តល់សេវារដ្ឋបាលនិងការបង់កម្រៃសេវារដ្ឋបាល៕សេង សុខហ៊ុន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

You might like

Leave a Reply

Your email address will not be published. Required fields are marked *