ខេត្តបន្ទាយមានជ័យ ៖ នគរបាលក្រុងប៉ោយប៉ែត ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំង ចុះបង្ក្រាបក្លឹបកំសាន្ត យីហោ ស្តាស៊ីធី ( Star City ) ។
ប្រតិត្តិការបង្ក្រាបខាងលើ ឃាត់ខ្លួនបាន ខ្មែរ និង ជនបរទេស ប្រមាណ១០០នាក់ ក្នុងនោះ មានភ្ញៀវ និង អ្នកបម្រើនៅក្នុងក្លិបកម្សាន្តស្តាស៊ីធី កាលពីព្រឹកថ្ងៃទី៣០ តុលា ឆ្នាំ២០២៤ នេះ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយឃាត់ខ្លួន កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតយករថយន្ត១៦កៅអី របស់សាលាក្រុងប៉ោយប៉ែត ដឹកជញ្ជូនទៅទុកនៅទីបញ្ជាការដ្ឋាននគរបាលវរការពារព្រំដែនគោកលេខ៨៩១។
លោកវរសេនីយ៍ទោ កែវ ដូល អធិការរងផ្នែកប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែតបានប្រាប់ថា ការចុះប្រតិបត្តិការបង្ក្រាបក្លឹបកំសាន្តយីហោស្តាស៊ីធីក្រុងប៉ោយប៉ែត គឺដឹកបញ្ជូនចេញទៅដាក់នៅទីបញ្ជាការដ្ឋាននគរបាលវរការពារព្រំដែនគោកលេខ៨៩១ និងរង់ចាំបទបញ្ជាថ្នាក់លើ ដើម្បីធ្វើតេស្តរកសារធាតុញៀន ។
ប្រសិនជាមានប្រើប្រាស់គ្រឿងញៀន នឹងបន្តអនុវត្តតាមទៅតាមផ្លូវច្បាប់ រីឯអ្នកមិនប្រើប្រាស់គ្រឿងញៀននឹងត្រូវដោះលែងត្រឡប់ទៅផ្ទះវិញ។
សូមរំលឹកផងដែរ កន្លងមកថ្មីៗនេះ ប្រសាសន៍ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានលើកឡើងចំពោះ KTV ជាច្រើនថា ” KTV ខ្លះគ្រាន់តែដាក់ស្លាកយីហោជា KTV តែប៉ុណ្ណោះ តែខាងក្នុងលួចប្រើប្រាស់គ្រឿងញៀន និងថ្នាំសប្បាយ គ្រប់ប្រភេទ ” លោកមិនអោយមាននោះឡើយ គឺត្រូវតែបង្ក្រាប ៕ អត្ថបទ Read News