អភិបាលខេត្តបន្ទាយមានជ័យ ក្រើនរម្លឹកដល់សិស្សានុសិស្សត្រូវប្រឹងប្រែងរៀនសូត្រ ជៀសឆ្ងាយពីគ្រឿងញៀន !!!

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើការក្រើនរម្លឹកដល់សិស្សានុសិស្សទាំងអស់ត្រូវបន្តការយកចិត្តទុកដាក់ប្រឹងប្រែងសិក្សារៀនសូត្រដើម្បីអនាគតល្អប្រសើររបស់ខ្លួនដោយត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងបើកបរត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួននោះ។ ការលើកឡើងយ៉ាងដូច្នេះរបស់ឯកឧត្តមបានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមណ្ឌលសិក្សា១ខ្នង ៣បន្ទប់ របស់អង្កការ Good Neighbors Cambodiaនៅ អនុវិទ្យាល័យសំរោងមានជ័យ នៅឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤នេះ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណដល់អង្គការ Good Neighbors Cambodia ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងអគារសិក្សាពិសេសក្នុងខេត្តបន្ទាយមានជ័យនេះដែលបានជួយជំរុញឱ្យវិស័យអប់រំកាន់តែមានការរីកចម្រើនថែមទៀតនោះ និងបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ចាប់ផ្តើមអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យអប់រំ ដូចមានចែងក្នុងបញ្ចកោណទី១ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតលើ “ការពង្រឹងគុណភាពវិស័យអប់រំកីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា” និងការដាក់ចេញនូវវិធានការគន្លឹះ សម្រាប់ដោះស្រាយក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្នុងគោលដៅ “លើកកម្ពស់ គុណភាពអប់រំ” ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈការពង្រឹងកិច្ចការសំខាន់ៗ ក្នុងនោះការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ»។

ទន្ទឹមនឹងនេះ ឯកឧត្តមបានគូសបញ្ជាក់ថា ដើម្បីឱ្យការសិក្សាប្រកបដោយជោគជ័យ គឺអនុវត្តទៅតាមចតុស្តម្ភអប់រំទាំងបួនសំខាន់ៗមាន៖ រៀនដើម្បីចេះដឹង រៀនដើម្បីចេះធ្វើ រៀនដើម្បីមានសីលធម៌ និងរៀនដើម្បីរួមរស់ជាមួយគ្នា ដោយកត្តាទាំងអស់នេះហើយជំរុញឱ្យក្មួយៗទទួលបាននូវការសិក្សារៀនសូត្របានផ្លែផ្កាល្អនៅក្នុងសង្គមនោះ។

ជាមួយគ្នានោះដែរ ឯកឧត្តមបានរម្លឹកដល់លោកគ្រូអ្នកគ្រូនៅតាមសាលារៀនទាំងអស់ត្រូវតែអនុវត្តតួនាទី ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសលើការបង្រៀនដល់សិស្ស ដែលនឹងនាំទៅរក ការប្រែប្រួលជាវិជ្ជមាន ការសិក្សារបស់សិស្សដើម្បីលើកកម្ពស់គុណភាពអប់រំឱ្យកាន់តែប្រសើរថែមទៀតនោះ និងបានធ្វើការអំពាវនាវដល់មាតាបិតា អាណាព្យាបាលទាំងអស់សូមជួយជំរុញនាំកូនចៅដែលមានអាយុគ្រប់វ័យសិក្សាអាយុ៦ឆ្នាំយ៉ាងតិចទៅចុះឈ្មោះចូលរៀនថ្នាក់ទី១ឱ្យបានគ្រប់ៗគ្នាដែលបានចាប់ផ្តើមពីថ្ងៃទី១៦ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ខាងមុខនេះ៕ ដោយ ឈុន សារ៉ាត

You might like

Leave a Reply

Your email address will not be published. Required fields are marked *