ភ្នំពេញ ៖ លោក ខេង យ័ន អតីតអភិបាលក្រុងកែប ត្រូវបានអនុរក្សពន្ធនាគារនាំខ្លួនពីពន្ធនាគារព្រៃស ទៅកាន់សាលាដំបូងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ ដើម្បីចូលរួមការកាត់ទោសជាសាធារណៈ ក្រោយការឃុំខ្លួនរយៈពេល១០ខែរួចមក ។ អង្គសវនាការនេះដឹកនាំដោយលោក ធាម ច័ន្ទពិសិដ្ឋ ជាចៅក្រមជំនុំជំរះ និងលោកស្រី ផាត់ សុគន្ធា ជាតំណាងអយ្យការ ។
តុលាការបានប្រាប់ជនជាប់ចោទដែលឈរនៅក្នុងរង្វង់ក្រចកសេះថា តុលាការបានចោទប្រកាន់ឈ្មោះ ខេង យ័ន ភេទប្រុស ឆ្នាំកំណើត ១៩៨៥ ជាអតីតអភិបាលក្រុងកែប ពីបទ រំលោភអំណាច និងបទ សម្អាតប្រាក់ តាមមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ និងមាត្រា ៣ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ លោក ទិត្យសុធី បូរ៉ាឆាត ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន លោក ខេង យ័ន ក្រោមការចោទប្រកាន់លើបទ រំលោភអំណាច និងបទសម្អាតប្រាក់ ដោយដាក់ឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ។
លោក ខេង យ័ន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន និងបញ្ជូនទៅតុលាការ នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ហើយត្រូវបានតំណាងអយ្យការចោទប្រកាន់ចំនួន២បទល្មើស គឺបទ រំលោភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ និងមាត្រា ៣ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ មុនពេលចាប់ខ្លួន លោក ខេង យ័ន ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបញ្ចប់តំណែងពីអភិបាលក្រុងកែប នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ដោយសារតែប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួន ប្រព្រឹត្តអំពើប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង ៕ អត្ថបទ៖ កុម្ភះ