ខេត្តកំពត៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្តេញជនជាតិវៀតណាមសរុបចំនួន ៤៦នាក់ (ស្រី១៦នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ (Call Center) ។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅព្រឹកថ្ងៃអាទិត្យ ទី៦ ខែតុលា ឆ្នាំ២០២៤ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៤៦នាក់ (ស្រី១៦នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ។
សូមបញ្ជាក់ថា ករណីខាងលើនេះ អាជ្ញាធរ បានធ្វើការឃាត់ខ្លួន ចំនួន ៤២នាក់ (ស្រី១៦នាក់) ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ (Call Center) ទទួលពីស្នងការដ្ឋាននគរបាលខេត្តកំពត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងចំនួន ៤នាក់ ភេទប្រុស ពាក់ព័ន្ធករណី លួចស្នាក់នៅធ្វើការងារខុសច្បាប់ (គ្មានលិខិតឆ្លងដែន) ទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕