ក្រុមមន្ត្រី កាលពីថ្ងៃសៅរ (ទី២៨ ខែកញ្ញា) បានប្រាប់ឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៦៦នាក់ បាបាត់បង់ជីវិត នៅក្នុងប្រទេសនេប៉ាល់ គិតចាប់តាំងពីថ្ងៃទី២៧ ខែកញ្ញាមក ខណៈភ្លៀងធ្លាក់ជាបន្តបន្ទាប់ បានបង្កជាទឹកជំនន់ និងបំណាក់ដី ដោយបានបិទផ្លូវសំខាន់ៗ និងរំខានដល់ការធ្វើដំណើរតាមផ្លូវអាកាសក្នុងស្រុក។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Dil Kumar Tamang (ឌីល គូម៉ា តាម៉ាង) បានប្រាប់សារព័ត៌មាន Reuters ថា ចំនួនអ្នកស្លាប់អាចកើនឡើង ដោយសារមានសេចក្ដីរាយការណ៍ថា មនុស្ស ៦៩នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ហើយ ៦០នាក់ រងរបួស។
អ្នកស្លាប់ភាគច្រើន មាននៅតំបន់ជ្រលងភ្នំ Kathmandu (ខាត់ថ្មាន់ឌុ) ដែលជាទីកន្លែងមនុស្សចំនួន ៤លាននាក់រស់នៅ និងជារដ្ឋធានីរបស់ប្រទេស ពោលគឺជាកន្លែងដែលទឹកជំនន់បានធ្វើឲ្យចរាចរណ៍ និងសកម្មភាពធម្មតាទូទៅមិនអាចប្រព្រឹត្តិទៅបាន។
ប្រព័ន្ធផ្សព្វផ្សាយ ANFA កាលពីថ្ងៃទី២៨ ខែកញ្ញា បានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះ ក៏មានកីឡាករ ៦នាក់មកពីសាលាសមាគមបាល់ទាត់នេប៉ាល់ នៅតំបន់ Makwanpur (ម៉ាកក្វាន់ពួរ) ដោយពួកគេបានបាត់បង់ជីវិត បន្ទាប់ពីបានជាប់នៅក្នុងបំណាក់ដី។
នៅកន្លែងផ្សេងទៀត ក្រុមអ្នកជួយសង្គ្រោះបានប្រើឧទ្ធម្ភាគចក្រ និងទូកពោង ដើម្បីជួយមនុស្សដែលជាប់នៅលើដំបូល ឬទីទួលខ្ពស់ៗ ខណៈដែលផ្នែកខ្លះនៃទីក្រុង Kathmandu បានរាយការណ៍ថា មានភ្លៀងធ្លាក់រហូតដល់កម្រិត ៣២២,២មីលីម៉ែត្រ នៅថ្ងៃចុងក្រោយនេះ៕ដោយៈBAYON Radio