ប្រធានាធិបតី លោក Joe Biden បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក មានផែនការធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីទប់សង្រ្គាមកុំឲ្យផ្ទុះរីកកាន់តែធំនៅតំបន់មជ្ឈិមបូព៌ា ខណៈអ៊ីស្រាអែល និងលីបង់ បានបាញ់តគ្នាយ៉ាងខ្លាំង។
លោក Biden បាននិយាយទៅកាន់អ្នកសារព័ត៌មានខណៈត្រឡប់ទៅកាន់សេតវិមានវិញថា «យើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីទប់កុំឱ្យសង្រ្គាមរីកកាន់តែធំ ហើយយើងនៅតែជំរុញយ៉ាងខ្លាំងក្លា។
ក្រុមហេសបូឡា បាននិយាយថា ក្រុមនេះនឹងបន្តប្រយុទ្ធជាមួយអ៊ីស្រា អែល រហូតដល់ប្រទេសនេះព្រមព្រៀងលើបទឈប់បាញ់ក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងក្រុមហាម៉ាសនៅក្នុងតំបន់ហ៊ុមព័ទ្ធហ្កាហ្សារបស់ប៉ាឡេស្ទីន ជាសង្រ្គាមដែលបង្កឡើងដោយការសម្រុកចូលដឹកនាំដោយក្រុមហាម៉ាស នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣។
អ៊ីស្រាអែល ចង់ឱ្យក្រុមហេសបូឡា ឈប់បាញ់ និងដកកងកម្លាំងចេញពីតំបន់ព្រំដែន ដោយប្រកាន់ខ្ជាប់នូវសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលបានចុះហត្ថលេខា ជាមួយអ៊ីស្រាអែល ក្នុងឆ្នាំ ២០០៦ ដោយមិនគិតពីកិច្ចព្រមព្រៀងណាមួយនៅតំបន់ហ្កាហ្សាឡើយ។
ដោយមានមនុស្សយ៉ាងហោចណាស់៧០នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសលីបង់ កាលពីសប្តាហ៍កន្លងទៅនេះ ចំនួនអ្នកស្លាប់ក្នុងជម្លោះនៅក្នុងប្រទេសលីបង់ចាប់តាំងពីខែតុលាមក បានកើនឡើងលើសពី ៧៤០នាក់ ក្នុងអំឡុងពេលផ្ទុះឡើងជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហេស បូឡា ចាប់តាំងពីសង្រ្គាមឆ្នាំ២០០៦ ៕ដោយៈBAYON Radio