ខេត្តបន្ទាយមានជ័យ ៖ កម្មករក្នុងតំបន់ឧស្សាហកម្មអូរនាងរាប់រយនាក់ បានផ្ទុះការតវ៉ាដើម្បីទាមទារឲ្យក្រុមហ៊ុនបើកប្រាក់ពលកម្មពួកគាត់ឲ្យបានទៀងទាត់ព្រោះជីវភាពគ្រួសារសព្វថ្ងៃពិបាកត្រូវពឹងផ្អែកលើប្រាក់ខែទាំងស្រុង។កម្មករផ្ទុះការតវ៉ានេះ នៅ ព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ក្នុងចំណុច រោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ អឹមអិលអ៊ិនធីមេតអឹភែរីល «MLINTIMATE APPAREL (CAMBODIA )LTD» ដែលមានថៅកែជាជនជាតិចិន ហើយរោងចក្រមួយនេះស្ថិតក្នុងតំបន់ឧស្សាហកម្មអូរនាង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រុមអ្នកព័ត៌មានបានចុះទៅយកព័ត៌មាននៅកន្លែងកើតហេតុក្រុមកម្មករបានប្រាប់ឲ្យដឹងថាពួកកម្មករទាំងអស់នេះផ្ទុះការតវ៉ាដើម្បីទាមទារឲ្យក្រុមហ៊ុនបើកប្រាក់ពលកម្មពួកគាត់ឲ្យបានទៀងទាត់ព្រោះក្នុងកិច្ចសន្យាក្រុមហ៊ុនបើកប្រាក់ខែការងារពួកគាត់ដែលត្រូវបើក១ខែ២ដង សព្វថ្ងៃ ក្រុមហ៊ុនបែរជាបើក
ខុសពីប្រក្រតីបើកខុសពីគោលការណ៍ដែលក្រសួងបានកំណត់ ព្រោះតែថៅកែរោងចក្រព្យាយាមលើក ឬពន្យារពេលថ្ងៃនេះថ្ងៃនោះ ព្រោះពួកគាត់ចង់បានប្រាក់ខែយកទៅផ្គត់ផ្គង់ជីវភាពគ្រួសារ។
ក្រុមកម្មករបាននិយាយបន្តទៀតថា រោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ «អឹមអិលអ៊ិនធីមេតអឹភែរីល» នេះគឺពិបាកបើកប្រាក់ខែការងារ ឲ្យកម្មករខ្លាំងណាស់ក្រុមគ្រួសាររបស់ពួកគាត់រំពឹងតែលើប្រាក់ខែនេះទាំងស្រុង ពួកគាត់ត្រូវចំណាយទៅលើថ្លៃហូបចុក និងបង់ថ្លៃផ្ទះជួល ចំណែកអ្នកខ្លះមានកូនតូចត្រូវការទិញចំណីអាហារឲ្យកូនៗ ហើយបើថៅកែរោងចក្របើកប្រាក់ពលកម្មមិនទៀងទាត់បែបនេះតើឲ្យពួកគាត់សង្ឃឹមអ្វី ពួកគាត់សុំឲ្យក្រសួងការងារជួយពិនិត្យបញ្ហានេះផង។
ក្រុមកម្មករនិយាយបន្តឲ្យដឹងទៀតថាតាមច្បាប់ការងាររបស់ក្រសួងគឺតម្រូវឲ្យថៅកែរោងចក្របើកប្រាក់ខែការងារឲ្យកម្មករក្នុង១ខែ២ដង ប៉ុន្តែរោងចក្រកាត់ដេរខាងលើមិនបានគោរពតាមគោលការណ៍របស់ក្រសួងនោះទេផ្ទុយទៅវិញ ថៅកែរបស់ពួកគាត់បើកប្រាក់ការងារឲ្យមិនទៀងទាត់ឡើយ ពោលគឺខុសពីប្រក្រតី ហើយពេលខ្លះបើកប្រាក់ខែឲ្យមិនគ្រប់ទៀតផង។
ក្រុមកម្មករនិយាយថា បើចាប់ពីថ្ងៃស្អែកទៅ ថៅកែមិនបើកប្រាក់ខែឲ្យបានទៀងទាត់នោះទេ ពួកគាត់នឹងលើកគ្នាទៅឈរតវ៉ាមុខរោងចក្ររាល់ថ្ងៃ ហើយមិនចូលធ្វើការទៀតផង។
ពាក់ព័ន្ធនឹងករណីខាងលើនេះ គេឃើញមានវត្តមានអាជ្ញាធរថ្នាក់ខេត្ត-ក្រុង បានដឹកនាំក្រុមការងារជួបប្រជុំរកដំណោះស្រាយជាមួយតំណាងរោងចក្រ និងតំណាងក្រុមកម្មករនៅសាលប្រជុំមួយក្នុងតំបន់ឧស្សាហកម្មអូរនាង ។
អាជ្ញាធរក៏បានលើកឡើងប្រាប់កម្មករថា ក្រុមមន្ត្រីរបស់លោកមានប្រចាំការតាមតំបន់ឧស្សាហកម្ម ហើយបើមានបញ្ហាណាមួយកើតឡើង ត្រូវជួបជាមួយមន្ត្រីតំណាងក្រសួងការងារ ឬជួបតំណាងរោងចក្រចៀសវាងធ្វើអ្វីមួយដែលខុសច្បាប់រដ្ឋហាមឃាត់ ៕