សង្គ្រាមឈ្លបបង្កៃគ្រាប់មីន ផ្អោបជាមួយធុងហ្គាសធ្វើអោយតម្រួតថៃស្លាប់២ របួស៤នៅភាគខាងត្បូងប្រទេសថៃ ជាប់ព្រំដែនភូមា !!!
ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
ចេញផ្សាយៈថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១
ប្រទេសថៃ: យោងតាមការផ្សាយព័ត៌មានក្នុងស្រុកថៃបានអោយដឹងថា មានការបង្កៃគ្រាប់មីនផ្អោបជាមួយ ធុងហ្គាស បានបំផ្ទុះទៅលើរថយន្ត ២ គ្រឿងរបស់តម្រួតថៃ នៅភាគខាងត្បូង នៃប្រទេសថៃ បណ្តាលអោយតម្រួត ២ នាក់ ស្លាប់ និង ៤ នាក់ ទៀតរងរបួសធ្ងន់ ។
ហេតុការណ៍នៃការវាយឆ្មក់របស់សង្គ្រាមឈ្លបនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៨ កញ្ញា ឆ្នាំ២០២១ នៅចំណុច បានណាំវ៉ុន ក្នុងជួរព្រៃភ្នំដ៏សែនស្ងាត់មួយកន្លែង ក្នុងភូមិ១ ឃុំឆាងភឿក ស្រុកចាក់ណេ: ខេត្ត នរ៉ាធីវ៉ាត ភាគខាងត្បូងប្រទេសថៃ ជាប់ព្រំដែនភូមា។
ព័ត៌មានក្នុងស្រុកថៃបានបន្តទៀតថា នៅមុនពេលកើតហេតុ គឺមានតម្រួតនៃអធិការដ្ឋានស្រុកចាក់ណេ: ចំនួន ៨ រូប (តម្រួតព្រហ្មទណ្ឌ) បានចុះទៅកាន់តំបន់មួយកន្លែងដើម្បីសម្របសម្រួលដល់ប្រជាពលរដ្ឋដែលកំពុងមានទំនាស់គ្នា ។
ក្រោយពេលបញ្ចប់កិច្ចការនេះរួចមក ក្រុមតម្រួតទាំង ៨ រូប ដែលបានប្រើប្រាស់រថយន្តចំនួន ២ គ្រឿង ក៏បានវិលត្រឡប់ទៅអធិការដ្ឋានវិញ លុះមកដល់ត្រង់ចំណុចកើតហេតុ ក៏ស្រាប់តែមានការផ្ទុះគ្រាប់មីននេះឡើង បណ្តាលអោយរថយន្តទី១ រងការខូចខាតបន្តិចបន្ទួច និងមានតម្រួត២នាក់ ត្រូវរបួសដោយអំបែងពេញខ្លួន ដោយឡែករថយន្តទី២ បានប៉ើងធ្លាក់ផ្ងារជើងឡើងលើ ទៅលើចិញ្ចើមផ្លូវដែលមានចម្ងាយពីរណ្តៅគ្រាប់មីនប្រហែល ៤០ ម៉ែត្រ ព្រមទាំងបានបង្កអោយតម្រួត២នាក់ ស្លាប់ និង២នាក់ទៀត របួសធ្ងន់។
កម្លាំងជំនាញបានចុះត្រួតពិនិត្យទីតាំងកើតហេតុ ដោយសង្គេតឃើញថា ជនល្មើសអាចប្រើប្រាស់គ្រាប់មីនចុចបំផ្ទុះដោយប្រើខ្សែភ្លើងបូកនឹងចរន្តថ្មពិល រត់តាមប្រហោងលូក្រោមថ្នល់ ហើយគ្រាប់មីនមានផ្អោបជាមួយធុងហ្គាស ចំណុះ ២៥ គីឡូក្រាម ហើយក្រោយពេលផ្ទុះរណ្តៅមានជម្រៅ ១ ម៉ែត្រ និងមានមុខកាត់ ១,៥០ ម៉ែត្រ ដោយពេលនេះកម្លាំងជំនាញកំពុងប្រមូលបំណែកធុងហ្គាស និងខ្សែភ្លើង ដើម្បីពិនិត្យជាវត្ថុតាង ៕