ភាពខុសគ្នារវាង បរិច្ចាគ និងរៃអង្គាស !!!

មួយរយៈចុងក្រោយនេះ ក្រុមប្រឆាំងបានលើកយកបញ្ហាព្រំដែនជាចំណុចរសើបដើម្បីឃោសនាញុះញុងប្រជាពលរដ្ឋក្នុងគោលដៅយកចំណេញខាងនយោបាយ។ ប៉ុន្តែក្រោយពេលរដ្ឋាភិបាលបានប្រកាសបង្កើតមូលនិធិកសាងផ្លូវតាមខ្សែក្រវ៉ាត់ព្រំដែន ក្រុមនេះបែរជាថារដ្ឋាភិបាលគ្មានលុយ ហើយរៃអង្គាសប្រាក់ពីប្រជាពលរដ្ឋ ទៅវិញ ឥឡូវនេះសូមយើងពិនិត្យទាំងអស់គ្នា។

កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម ពីលើថវិកាដែលរដ្ឋាភិបាលមានបំរុង។ មូលនិធិនេះក៏ជាការផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី។

បន្ទាប់ពីពេលនោះ មន្ត្រីរាជការ វិស័យឯកជន និងប្រជាពលរដ្ឋ បានគាំទ្រតាមរយៈចូលរួមជាមួយរដ្ឋាភិបាលដោយបរិច្ចាគទឹកប្រាក់ ជាដុល្លារ និងជាលុយរៀល ។

យោងតាមហ្វេលបុកសម្តេចតេជោ បានសរសេរថា ប្រជាពលរដ្ឋខ្លះនៅស្រុកត្រាំកក់ ខេត្តតាកែវ បានបរិច្ចាគប្រាក់ចូលរួមជារដ្ឋាភិបាលម្នាក់៣០០រៀលខ្លះ៥០០រៀលរហូតមានការ ចូលរួម២០,០០០រៀលផងដែរ។

យោងតាមវចនាអនុក្រមសម្តេចជួនណាត បានសរសេរថា «រៃ»គឺជាការច្រាកប្រាក់កាសឬវត្ថុអ្វីៗឲ្យចេញរាល់គ្នាមានកំណត់ឬឲ្យចេញស្មើភាគគ្នា។

ដូច្នេះ នេះមិនមែនជាការ«រៃ»នោះទេ ព្រោះខ្លះចូលរួមតិច ខ្លះច្រើនតាមការស័្មគ្រចិត្តតែប៉ុណ្ណោះ។

ចំណែកឯពាក្យ«អង្គាស»គឺជាការឃោសនាគ្នា, ប្រកាសប្រាប់គ្នា ឲ្យចូលប្រាក់កាសឬទេយ្យទានផ្សេងៗតាមសទ្ធា ក្នុងការធ្វើទាន។ ផ្ទុយទៅវិញនៅពេលសព្វថ្ងៃនេះគឺ ប្រជាពលរដ្ឋបានបរិច្ចាគថវិកាចូលរួមក្នុងមូលនិធិរបស់រដ្ឋាភិបាល។

យោងតាមវចនាអនុក្រមសម្តេចជួនណាត ដដែលបានសរសេរថា«បរិច្ចាគ»គឺជា ការលះ, ការលះទ្រព្យ, ការចំណាយទ្រព្យធ្វើទានឬធ្វើអ្វីមួយឲ្យជាប្រយោជន៍ក្នុងស្រុក ក្នុងនគរ ។

ដូចនេះ ការដែលប្រជាពលរដ្ឋបាន«បរិច្ចាគ»ប្រាក់ដើម្បីចូលរួមកសាងផ្លូវក្រវ៉ាត់ព្រំដែន ដើម្បីផលប្រយោជន៍ប្រទេសជាតិជារួម ពិតជាការត្រឹមត្រូវណាស់។

សូមបញ្ជាក់ថា តាមពិតទៅ ប្រជាពលរដ្ឋខ្មែរមានប្រវត្តិចូលរួមធ្វើបដិភាគជាមួយរដ្ឋាភិបាល ជាយូរឆ្នាំមកហើយ ដើម្បីអភិវឌ្ឍន៍ផ្លូវលំក្នុងមូលដ្ឋានភូមិឃុំរបស់ខ្លួន។

ការធ្វើបដិភាគធ្វើផ្លូវនៅក្នុងមូលដ្ឋាននេះ បានធ្វើអោយប្រជាពលរដ្ឋមានឈ្មោះជាម្ចាស់ទ្រព្យ មានសិទ្ធិអាស្រ័យផល និងមានកាតព្វកិច្ចការពារថែទាំផ្លូវនេះអោយប្រើប្រាស់បានយូរអង្វែង។

មិនខុសគ្នានេះទេ ការបរិបរិច្ចាគប្រាក់កាស ក្នុងមូលនិធិកសាងផ្លូវនៅតាមព្រំដែននៅពេលនេះ បានធ្វើអោយប្រជាពលរដ្ឋមានឈ្មោះជាម្ចាស់ទ្រព្យ ជាម្ចាស់ប្រទេស និងជាម្ចាស់បូរណភាពទឹកដី ដែលមានកាតព្វកិច្ចការពារខ្សែរក្រវ៉ាត់ព្រំដែននេះមិនអោយប្រទេសណារំលាភ និងមិនអោយក្រុមណាមួយមកឃោសនាបំប្លែងការពិតថា ខ្មែរបានបាត់បង់ព្រំដែននោះឡើយ៕ ដោយពេជ ប៊ុនរ៉ា MoINFO APP

You might like

Leave a Reply

Your email address will not be published. Required fields are marked *