កីឡាប្រដាល់គុនខ្មែរ និងគុនល្បុកតោជួរមុខរបស់កម្ពុជាជាច្រើនរូប ធ្វើទស្សនកិច្ចលើទឹកដីអង្គរនៅតាមប្រាសាទនានាក្នុងតំបន់រមណីយដ្ឋានអង្គរ !!!

អគ្គនាយកដ្ឋានកីឡាក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអាជ្ញាធរជាតិអប្សរា សមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប និងបានការឧបត្ថម្ភគាំទ្រដោយរដ្ឋបាលខេត្តសៀមរាប សណ្ឋាគារ Memoire Palace Resort & Spa និងភោជនីយដ្ឋានម៉ែឌី បានផ្តួចផ្តើមកម្មវិធីដំណើរទស្សនកិច្ចគុនខ្មែរទៅកាន់តំបន់ប្រវត្តិសាស្ត្រអង្គរក្នុងខេត្តសៀមរាប ដែលមានវត្តមានកីឡាករប្រដាល់ជួរមុខកម្ពុជា និងកីឡាករកីឡាការិនីគុនល្បុកតោជាច្រើនរូបទៀត ដើម្បីសិក្សាស្វែងយល់ពីសាវតានៃក្បាច់គុនខ្មែរ ដែលមានឆ្លាក់នៅតាមជញ្ជាំងប្រាសាទជាច្រើននៅទឹកដីអង្គរ។

លោក ធិន វិចិត្រ មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គោលបំណងនៃកម្មវិធីនេះ គឺដើម្បីបំផុសស្មារតីគុនខ្មែរ ឱ្យកាន់តែរឹងមាំប្រសើរឡើងថែមទៀត ជាចលកមួយនឹងជួយជំរុញទឹកចិត្តកីឡាករកីឡាការិនីប្រឹងប្រែងហ្វឹកហាត់ ដើម្បីពង្រឹងសមត្ថភាព និងជួយថែរក្សាការពារក្បាច់គុនដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ដូនតាខ្មែរដែលមានរាប់ពាន់ឆ្នាំមកហើយ កុំឱ្យបាត់បង់ និងបន្តថែរក្សាឱ្យស្ថិតស្ថេរជាអមតៈសម្រាប់កូនចៅខ្មែរជំនាន់ក្រោយៗទៀត។

លោក ធិន វិចិត្រ បញ្ជាក់ថា ការនាំកីឡាករកីឡាការិនីមកទស្សនាចម្លាក់ក្បាច់គុននៅតាមប្រាសាទនានាដោយផ្ទាល់នេះ នឹងជួយឱ្យពួកគេកាន់តែយល់ស៊ីជម្រៅថែមទៀត ពីមរតកក្បាច់គុនបុរាណខ្មែរ ជាពិសេសវាក៏ជាការរំឮកគុណដល់បុព្វបុរស និងដូនតាខ្មែរ ដែលបានបន្សល់ទុកមរតកក្បាច់គុនឱ្យកូនចៅជំនាន់ក្រោយ។ លោថាដំណើរទស្សនកិច្ចនេះ គឺជាទស្សនីយភាពប្លែកមួយទៀត ក្នុងទិសដៅលើកកម្ពស់ក្បាច់គុនបុរាណខ្មែរ ដែលបានបន្សល់ទុកពីដូនតាមក។ ជាមួយគ្នានេះអគ្គនាយកដ្ឋានកីឡា ក៏នឹងចងក្រងជាឯកសារបន្ថែម ដើម្បីកំណត់អត្តសញ្ញាណគុនខ្មែរឱ្យបានច្បាស់លាស់ថែមទៀត ដូចជាគុនល្បុកតោផងដែរ។

សូមជម្រាបថា កម្មវិធីនេះមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៧-២៩ ខែសីហា ឆ្នាំ២០២៤ ហើយកីឡាករកីឡាការិនី និងប្រតិភូរួមដំណើរ នឹងបង្ហាញសកម្មភាពកីឡាមួយចំនួនដូចជា ហាត់សមក្បាច់គុន ដើរកម្សាន្តនៅក្នុងសួនរុក្ខជាតិអង្គរ ជិះកង់នៅក្នុងព្រៃអង្គរ រត់ឡើងភ្នំបាខែង និងទស្សនាចម្លាក់ក្បាច់គុនខ្មែរ នៅតាមជញ្ជាំងប្រាសាទបាយ័ន ប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងទៀត៕អត្ថបទ៖ មន្ទីរព័ត៌មានខេត្តសៀមរាប

You might like

Leave a Reply

Your email address will not be published. Required fields are marked *