ខេត្តតាកែវ ÷ ទឹកជ្រោះផ្អោក មានប្រវែងប្រមាណជា ១ ០០០ ម៉ែត្រ និង ទទឹង ២ ម៉ែត្រ ដែលហូរពី លើភ្នំ ហើយកាត់ថ្មដាតូច-ធំ ចុះមកក្រោម និង មាន ផ្ទះស្បូវ សម្រាប់ អង្គុយលេងកម្សាន្ត រួមទាំងមាន លក់ម្ហូបអាហារ ដែលមានតម្លៃថោកសមរម្យ សម្រាប់ ភ្ញៀវទេសចរណ៍ មកកម្សាន្ត ផងដែរ។ អ្វីដែលកាន់តែជាពិសេសទៀតនោះ រមណីយដ្ឋានទឹកជ្រោះផ្អោក សម្បូរត្បូងមានតម្លៃ។
នៅមុនទឹកជ្រោះផ្អោកក្លាយជារមណីយដ្ឋានពេញនិយម គឺកាលពីជាង ១០ ឆ្នាំមុន នៅទីនេះ គឺជាទីតាំងសំខាន់ដែលមានប្រជាជនជាច្រើនមកជីករកត្បូងមានតម្លៃ ហើយត្បូងដែលសម្បូរជាងគេ ដូចជា ត្បូងទឹកសមុទ្រ ត្បូងកញ្ចក់ ត្បូងផ្កាថ្ម ត្បូងមីសិល និង ត្បូងឃ្មុំជាដើម ប៉ុន្តែបច្ចុប្បន្នត្បូងនៅកន្លែងដែលប្រជាជនកំពុងលេងទឹកយ៉ាងសប្បាយបានខ្សត់ខ្សោយហើយ។
ដូច្នេះ ប្រសិនបើប្រិយមិត្តចង់ទៅកម្សាន្តសប្បាយនឹងទឹកជ្រោះធ្លាក់ពីលើភ្នំ ហើយសម្បូរព្រៃឈើ តូច-ធំ អមដោយថ្មដា និង ចង់ស្វែងយល់ពីត្បូងមានតម្លៃនៅទឹកជ្រោះផ្អោក ព្រមទាំងពិសារអាហារ ជាពិសេសបាញ់ឆែវដែលមានរសជាតិឆ្ងាញ់ពិសារ អាចទៅកម្សាន្តនៅរមណីយដ្ឋានទឹកជ្រោះផ្អោកបាន។
រមណីយដ្ឋាននេះ ស្ថិតនៅក្នុងភូមិជ្រោយស្លែង ឃុំគិរីចុងកោះ និងភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ៕ ផ្សាយដោយ ធូ កុសល MoINFO APP