ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ វិស័យអប់រំ បានដើរតួនាទីស្នូលយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិនិងធានានិរន្តរភាពជាតិ !!!

ខេត្តបាត់ដំបង ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យជាតិបាត់ដំបង បានគូសបញ្ជាក់ថា វិស័យអប់រំ បានដើរតួនាទីស្នូលយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស អភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងធានានិរន្តរភាពជាតិ ទាំងសេដ្ឋកិច្ច នយោបាយ សង្គម និងវប្បធម៌។

ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតជ័យលាភី និងពិធីសម្ពោធអគារពិសោធន៍វិទ្យាសាស្ត្រ (STEM) និងអគារមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលកសិកម្ម នៅសាកលវិទ្យាល័យជាតិបាត់ដំបង នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ដែរថា ការអប់រំប្រៀបបាននឹងរោងចក្រកែច្នៃមនុស្សឱ្យមានប្រយោជន៍ក្នុងសង្គម ឱ្យមានសមត្ថភាពវិជ្ជាជីវៈ ក្នុងការបំពេញការងារតាមជំនាញ និងមានសមត្ថភាពស្រាវជ្រាវក្នុងការបង្កើតនូវគោលការណ៍ ទ្រឹស្តី និងមូលដ្ឋានសម្ភារៈថ្មីៗ ដើម្បីបំពេញតម្រូវការរបស់សង្គមមនុស្ស ស្របតាមការវិវឌ្ឍនៃយុគសម័យបច្ចេកវិទ្យាឌីជីថល និងវិទ្យាសាស្ត្រទំនើប។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក៏បានមានប្រសាសន៍បន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល អាណត្តិទី៧ បានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការអប់រំបណ្តុះបណ្តាល ទាំងជំនាញរឹង និងជំនាញទន់ ដោយបាននិងកំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងការកសាងនូវមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្នុងនោះបញ្ចកោណទី១ ក្នុងចំណោមបញ្ចកោណទាំង៥ គឺការអភិវឌ្ឍមូលធនមនុស្ស។ បន្ថែមលើនេះ រាជរដ្ឋាភិបាល បានកំណត់គោលដៅជាយុទ្ធសាស្ត្រ គឺការអភិវឌ្ឍប្រព័ន្ធអប់រំប្រកបដោយគុណភាព សីលធម៌ និងបរិយាបន្ន ដោយផ្តោតសំខាន់លើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការតម្រង់ទិសសម្រាប់ទីផ្សារការងារ ព្រមទាំងបានធ្វើទំនើបកម្មកម្មវិធីសិក្សា ដោយបញ្ចូលមុខវិជ្ជា STEM ក្នុងកម្មវិធីសិក្សា និងសៀវភៅសិក្សាគោល។

បើតាមរបាយការណ៍របស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានបញ្ជាក់ថា សាកលវិទ្យាល័យជាតិបាត់ដំបង បានសម្រេចនូវសមិទ្ធផលជាច្រើនទាក់ទងនឹងសកម្មភាព នៃការបណ្តុះបណ្តាល ការទទួលស្គាល់គុណភាពអប់រំ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាសាកលវិទ្យាល័យអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍នានា។ ជាពិសេសសាកលវិទ្យាល័យ ទទួលបានជោគជ័យក្នុងការបណ្តុះបណ្តាលនិស្សិតបញ្ចប់ការសិក្សា សរុបចំនួន ២ ០២៤នាក់ ស្រី ១ ២៥៧នាក់ និងមាននិស្សិត ចំនួន ៩២% មានការងារធ្វើក្រោយពីបញ្ចប់ការសិក្សា ដើម្បីបំពេញតម្រូវការសង្គម និងទីផ្សារការងារ ក្នុងការជួយកាត់បន្ថយភាពក្រីក្រ និងកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសបណ្តុះធនធានយុវជនដែលជាសសរទ្រូងនៃប្រទេសជាតិក្នុងពេលបច្ចុប្បន្ន និងពេលអនាគត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *