ព្រះអង្គធម្មវនវាសីបណ្ឌិតចន្ទមុនី បាននិមន្តទស្សនកិច្ចទៅដល់ខេត្តក្រចេះហើយកាលពីថ្ងៃទី២០សីហាម្សិលមិញនេះ ដោយឆ្លងកាត់តំបន់អ៊ិច១៦ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ មុនពេលនិមន្តបន្តទៅខេត្តក្រចេះ ក្នុងដំណើរនិមន្តទស្សនកិច្ចរបស់ព្រះអង្គទៅជួបពុទ្ធបរិស័ទនៅតាមបន្ទាត់ខ្សែព្រំដែនតំបន់ CLV ដែលមាន៤ខេត្ត ។
កាលពីម្សិលមិញនេះ ព្រះអង្គបាននិមន្តទៅជួបពុទ្ធបរិស័ទនៅវត្តជ័យមង្គលរតនារាម ក្នុងភូមិជ្រៃមាំង ឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ ។ ព្រះអង្គបាននិមន្តទៅជួបពុទ្ធបរិស័ទនៅខ្សែបន្ទាត់ ព្រំដែនកម្ពុជា-វៀតណាម បង្គោលព្រំដែនលេខ៦៩ និងច្រកទ្វាអន្តរជាតិត្រពាំងស្រែ ។
សូមរំលឹកថា មុនពេលនិមន្តទៅតំបន់ CLV នេះ ព្រះអង្គធម្មវនវាសីចន្ទមុនី បានមានថេរដិការផ្សាយតាមបណ្តាញសង្គមថា ក្នុងដំណើរនិមន្តទស្សនកិច្ចរបស់ព្រះអង្គនេះ គឺនិមន្តទៅ
ជួបពុទ្ធបរិស័ទនៅតាមបន្ទាត់ខ្សែព្រំដែនតំបន់ CLV ដែលមាន៤ខេត្ត ដោយផ្តើមពីខេត្តក្រចេះ។
ព្រះអង្គបានបញ្ជាក់អំពីគោលបំណងនៃដំណើរនិមន្តទស្សនកិច្ចនេះ គឺដើម្បីចូលរួមដោះស្រាយមន្ទិលសង្ស័យដើម្បីធ្វើអោយប្រាកដប្រជាជុំវិញរឿងបាត់បង់ទឹកដីដោយសារកិច្ចព្រមព្រៀង តំបន់អភិវឌ្ឍន៍ជាមួយវៀតណាមនិងឡាវ ។
នៅពេលព្រះអង្គនិមន្តទៅដល់វត្តជ័យមង្គលរតនារាម ព្រះអង្គត្រូវបានព្រះគ្រូមង្គលរតនវិជ្ជា អ៊ុកមករាព្រះចៅអធិការវត្តជ័យមង្គលរតនារាម ស្ថិតក្នុងភូមិជ្រៃមាំង ឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ បានចេញមកនិមន្តទទួលស្វាគមន៍ព្រមទាំងរដ្ឋអំណាចស្រុក -ខេត្ត ចេញមកទទួលស្វាគមន៍ព្រះអង្គ។
សូមរំលឹកដែរថា សម្តេចតេជោកាលពីថ្ងៃទី១៩សីហា បានធ្វើការណែនាំ និងផ្តាំផ្ញើរអោយអាជ្ញាធរក្នុងភូមិសាស្ត្រខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ជួយបង្កលក្ខណៈងាយស្រួលដល់ព្រះអង្គ ក្នុងដំណើរនិមន្តទស្សនកិច្ចនេះ ព្រមទាំងរក្សាសន្តិសុខ និងសុខភាពប្រគេនព្រះអង្គ។
សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ក្រុមប្រឆាំងបានលើកយករឿង កិច្ចព្រមព្រៀងតំបន់អភិវឌ្ឍន៍កម្ពុជា-វៀតណាមនិងឡាវ ដោយមានចេតនាបំពុលសន្តិសុខសង្គមកម្ពុជា ហើយប្រកាសប្រមូលកម្លាំងធ្វើបាតុកម្ម ដោយបង្កប់នូវយុទ្ធសាស្ត្រ រុញអោយផ្ទុះហិង្សា ហើយឈានទៅធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ មេដឹកនាំម្នាក់ពីប្រទេសជប៉ុនបានញុះញង់មហាជនអោយដុតបំផ្លាញសេដ្ឋកិច្ចខ្មែរអោយដាំក្បាលចុះ។
យោងតាមព័ត៌មានពីរដ្ឋសភាកម្ពុជាបានបង្ហាញរូបថត និងបញ្ជីឈ្មោះសមាជិក តំណាងរាស្ត្រ៣រូប មកពីគណបក្សសង្រ្គោះជាតិ គឺជាអ្នកដែលបានចូលផ្ទាល់ក្នុងកិច្ចប្រជុំពាក់ព័ន្ធកិច្ចព្រមព្រៀង CLV នៅចំប៉ាសាក់ ប្រទេសឡាវកាលពីឆ្នាំ២០១៥ ។
ទន្ទឹមនេះ ក្រុមប្រឆាំងមិនអាចកេណ្ឌប្រមូលប្រជាពលរដ្ឋអោយមកចូលរួមធ្វើបាតុកម្មនៅភ្នំពេញបានទេកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤៕ដោយពេជ ប៊ុនរ៉ា MoINFO APP