អន្តរជាតិ៖ កាលពីថ្ងៃអាទិត្យ ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានរាជានុម័តតែងតាំងលោកស្រី Paetongtarn Shinawatra ជានាយករដ្ឋមន្ត្រី បន្ទាប់ពីសភាបានជ្រើសរើសលោកស្រី និងត្រួសត្រាយផ្លូវសម្រាប់លោកស្រីដើម្បីបង្កើតគណៈរដ្ឋមន្ត្រីក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ការរាជាអនុម័តរបស់ព្រះមហាក្សត្រ ត្រូវបានអានដោយលោក Apat Sukhanan លេខាធិការសភាតំណាងរាស្រ្តក្នុងពិធីមួយនៅទីក្រុងបាងកក។
ក្នុងសម្លៀកបំពាក់ឯកសណ្ឋានផ្លូវការ និងអមដំណើរដោយឪពុករបស់លោកស្រីគឺលោក Thaksin លោកស្រី Paetongtarn បានលុតជង្គង់គោរពព្រះឆាយាល័ក្ខណ៍របស់ព្រះបាទ Vajiralongkorn មុនពេលថ្លែងសុន្ទរកថាខ្លីមួយដោយថ្លែងអំណរគុណដល់ព្រះមហាក្សត្រ និងតំណាងប្រជាជនដែលបានគាំទ្រលោកស្រីជានាយករដ្ឋមន្ត្រីថ្មី។ លោកស្រីបានថ្លែងថា ក្នុងនាមជាមេដឹកនាំ ខ្ញុំនឹងបំពេញតួនាទីរបស់ខ្ញុំរួមជាមួយសមាជិកសភាដោយស្មោះអស់ពីបេះដូង។
លោកស្រីបានបន្តថា ខ្ញុំនឹងស្តាប់រាល់មតិទាំងអស់ ដើម្បីយើងអាចដឹកនាំប្រទេសទៅមុខប្រកបដោយស្ថិរភាព៕ដោយ កញ្ញា ខៀវ ណាវីន