ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកឡើងថា បច្ចុប្បន្នប្រព័ន្ធផ្សព្វផ្សាយដែលទទួលបានអាជ្ញាបណ្ណអនុញ្ញាតពីក្រសួងព័ត៌មានគឺមានប្រមាណជាង ២ ០០០ ទូរទស្សន៍អនឡាញមានជាង ១ ០០០ ហើយបើអង្គភាពសារព័ត៌មានដែលមិនគោរពតាមច្បាប់ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯង ព្រោះយើងមិនអាចយកច្បាប់ស្តីពីរបបសារព័ត៌មានទៅការពារចំពោះអ្នកដែលមិនមានលក្ខខ័ណ្ឌគ្រប់គ្រាន់នៅក្នុងក្របខ័ណ្ឌនៃការងារព័ត៌មានបានឡើយ ហើយយើងក៏មិនអនុញ្ញាតឱ្យជនមួយចំនួនជ្រកក្រោមស្លាកព័ត៌មានទៅផ្សព្វផ្សាយព័ត៌មានបែបវិទ្ធង្សនាប្រឆាំងនឹងកម្ពុជាដែរ។
ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញសរសេរព័ត៌មានសេដ្ឋកិច្ច និងចំណេះដឹងទាក់ទងនឹង ពន្ធដារ នាទីស្តីការក្រសួងដែលបានរៀបចំឡើងដោយក្រសួងព័ត៌មាន ក្រោមកិច្ចសហការជាមួយ សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងព័ត៌មាន។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «អ្នកដែលអនុវត្តន៍ខុស គឺត្រូវតែទទួលខុសត្រូវនៅចំពោះមុខច្បាប់ យើងមិនអាចយកច្បាប់ស្តីពីរបបសារព័ត៌មាននៅការពារចំពោះអ្នកដែលបានធ្វើខុសនោះទេ គឺមានតែព្រហ្មទណ្ឌ និងក្រមរដ្ឋប្បវេណីតែប៉ុណ្ណោះ ដែលអ្នកធ្វើខុសត្រូវតែអនុវត្តន៍ទៅ តាមហ្នឹងទៅ ព្រោះប្រទេសរបស់យើងមានច្បាប់ ដែលនេះជាចំណុចមួយដែលបងប្អូនអ្នកសារព័ត៌ ត្រូវតែមើលទាំងអស់គ្នា»។
ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា បច្ចុប្បន្នប្រព័ន្ធផ្សព្វផ្សាយដែលទទួលបានអាជ្ញាបណ្ណអនុញ្ញាតពីក្រសួងព័ត៌មានមានប្រមាណជាង ២ ០០០ ទូរទស្សន៍អនឡាញមានប្រមាណជាង ១ ០០០អាជ្ញាបណ្ណ ហើយឥឡូវនេះក្រសួងកំពុងតែធ្វើបច្ចុប្បន្នភាព នៅពេលដែលសារព័ត៌មានខ្លះក៏ឈប់ដំណើរការទៅហើយ ខណៈដែលអង្គភាពមួយចំនួនទៀតកំពុងតែធ្វើប្រតិបត្តិការ តែពុំទាន់ស្ថិតនៅក្រោមច្បាប់នៅឡើយ ពោលគឺពុំទាន់បានចុះបញ្ជីដោយត្រឹមត្រូវ៕ ដោយ៖ ចាន់ សុភឿន, រូបថត៖ ខឹម សុវណ្ណារ៉ា