កម្លាំងកងការពារព្រំដែនលេខ៥០៣ និងកម្លាំងចម្រុះឃាត់ខ្លួនពលករ សរុបចំនួន ៣៧នាក់ ក្នុងនោះជនជាតិថៃ ចំនួន ១១នាក់ បម្រុងឆ្លងដែនខុសច្បាប់ ក្នុងភូមិសាស្ត្រអូរបីជាន់ !!!
ខេត្តបន្ទាយមានជ័យ ៖ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការកងការពាព្រំដែនលេខ៥០៣ ពង្រឹងការល្បាត តាមបន្ទាត់ព្រំដែន សហការជាមួយកងពលតូចថ្មើរជើងលេខ៥១ និងនគរបាលព្រំដែនគោកលេខ៩១១ ឃាត់ខ្លួនបាននៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ ខណៈពេលដែលពួកគេ បម្រុងលួចឆ្លងដែនដោយខុសច្បាប់ កម្លាំងដើរល្បាតពួនស្ទាក់ចាប់បានចំនួន ៤គោលដៅផ្សេងគ្នា សរុបចំនួន ៣៧នាក់ ស្រី ចំនួន១១នាក់ ក្នុងនោះជនជាតិថៃ ចំនួន ១១នាក់ ស្រី ចំនួន៤នាក់។
គោលដៅទី១ កម្លាំងកងអនុសេនាធំល្បាតទី២ ដឹកនាំដោយអនុសេនីយ៍ឯក ឈួន អុីង មេបញ្ជាការរងកងអនុសេនាធំល្បាតទី២ សហការជាមួយកម្លាំងចម្រុះ ឃាត់ខ្លួនបានជនជាតិថៃ ចំនួន ៩នាក់ ស្រី ៣នាក់ ដែលបម្រុងឆ្លងដែនពីប្រទេសខ្មែរ ចូលទៅប្រទេសថៃ នៅវេលាម៉ោង ០៦:៣០នាទីព្រឹក ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ អង្គភាពបានប្រគល់អោយទៅនគរបាលព្រំដែនគោកលេខ៩១១។
គោលដៅទី២ កម្លាំងកងអនុសេនាធំល្បាតទី២ ដឹកនាំដោយអនុសេនីយ៍ទោ ស្មិត វណ្ណៈ មេបញ្ជាការរងកងអនុសេនាធំល្បាតទី២ សហការជាមួយកម្លាំងចម្រុះ ឃាត់ខ្លួនបានពលករចំនួន ១៨នាក់ ស្រី ៥នាក់ ដែលបម្រុងឆ្លងដែនចូលទៅប្រទេសថៃ នៅវេលាម៉ោង ០៦:៤៥នាទីព្រឹក ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ អង្គភាពបានប្រគល់អោយទៅក្រុមការងារចម្រុះ ឃុំអូរបីជាន់ដើម្បីបញ្ជូនទៅមណ្ឌលចត្តាឡីស័ក។
គោលដៅទី៣ កម្លាំងកងអនុសេនាធំល្បាតទី២ ដឹកនាំដោយនាយចំណង់ សូ សុខ មេបញ្ជាការរងកងអនុសេនាតូចទី១ សហការជាមួយកម្លាំងចម្រុះ ឃាត់ខ្លួនបានជនជាតិថៃ ចំនួន ២នាក់ ស្រី ១នាក់ ដែលបឆ្លងដែនពីប្រទេសថៃ ចូលមកប្រទេសខ្មែរ នៅវេលាម៉ោង ០៨:១៦នាទីព្រឹក ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ អង្គភាពបានប្រគល់ទៅអោយនគរបាលព្រំដែនគោកលេខ៩១១។
គោលដៅទី៤ កម្លាំងកងអនុសេនាធំល្បាតទី៤ ដឹកនាំដោយវរសេនីយ៍ត្រី នូ យ៉ុង មេបញ្ជាការកងអនុសេនាធំល្បាតទី៤ សហការជាមួយកម្លាំងចម្រុះ ឃាត់ខ្លួនបានពលករចំនួន ៨នាក់ ស្រី ៣នាក់ ដែលបម្រុងឆ្លងដែនចូលទៅប្រទេសថៃ នៅវេលាម៉ោង ១៧:៥០នាទីល្ងាច ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ អង្គភាពបានប្រគល់អោយក្រុមការងារចម្រុះ ឃុំអូរបីជាន់ដើម្បីបញ្ជូនទៅមណ្ឌលចត្តាឡីស័ក។
ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការកងការពាព្រំដែនលេខ៥០៣ ពង្រឹងការល្បាត តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍ និងតំបន់ផ្សេងទៀត។
សូមបញ្ជាក់ ៖ ខណៈកងកម្លាំងចម្រុះល្បាត ក៏បានជួប ពលករបម្រុងលួចឆ្លងដែន ត្រូវបានកងកម្លាំង កងការពារព្រំដែនលេខ៥០៣ ឃាត់ខ្លួនបានតែម្តង ក្រោយពីឃាត់ខ្លួន ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ កុំឲ្យបន្តចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូល នាំពលករឆ្លងដែនដោយខុសច្បាប់ ដោយមិនគិតពីសុខសុវត្ថិភាព និងខាតបង់ប្រាក់ជាបន្តបន្ទាប់ ជាពិសេសសូមបន្តចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ អោយបានទាំងអស់គ្នា ដើម្បីគ្រួសារ និងសង្គមជាតិ ៕ ដោយៈគេហទំព័រ ខេមបូឌាស្តាដេលីញូយ៍.