ខេត្តកំពង់ចាម ៖ មន្ត្រីជំនាញនៃខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានស្រុកកងមាស បន្តចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលខុសច្បាប់ នៅតាមបឹង ក្នុងភូមិសាស្ត្រស្រុកកងមាសខេត្តកំពង់ចាម។
ដោយមានសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម លោក លី ស្រ៉ី នាយកខណ្ឌស្តីទីជលផលកំពង់ចាម បានដឹកនាំកម្លាំងសមត្ថកិច្ចចំរុះ បន្តចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ចុះបង្ក្រាបបាន២ករណី ដោយកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើតហេតុ។
លោកនាយខណ្ឌ បញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបនេះដែរ ជាលទ្ធផល កម្លាំងសមត្ថកិច្ចជំនាញបានដកហូតនិងបំផ្លាញ់ចោលវត្ថុតាងរួមមាន៖ ឧបករណ៍លូស្បៃមុងចំនួន៣៩មាត់, របាំងស្បៃមុងប្រវែង១៦៨៥ម៉ែត្រ, បង្គោលចម្រឹងចំនួន ៣៧០ដើមនិងបានចាក់លែងកូនត្រីចម្រុះទម្ងន់ ១៩៥គីឡូក្រាមផងដែរ៕ដោយៈBAYON Radio