រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖«ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា»ដើម្បីបញ្ជៀសការល្មើសច្បាប់ និងពង្រឹងវិស័យសារព័ត៌មាននៅកម្ពុជា !!!

ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអញ្ជើញជាអធិបតីនៅក្នុងសន្និសីទសារព័ត៌មានដើម្បីផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា» ជាផ្លូវការ។ក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងនៅទីស្តីការក្រសួងព័ត៌មាននារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា បច្ចុប្បន្នចំនួនអង្គភាពសារព័ត៌មានផ្សព្វផ្សាយទំនើប (ព័ត៌មានអនឡាញ) បានកើនឡើងយ៉ាងខ្លាំង ដែលបង្ហាញពីភាពប្រសើរឡើងនៃស្ថានភាពសេរីភាពសារព័ត៌មាន និងសាធារណៈមតិនៅកម្ពុជា ។ប៉ុន្តែភាគច្រើននៃអ្នកសារព័ត៌មាននៅតាមអង្គភាពសារព័ត៌មានអនឡាញទាំងនោះ ពុំសូវបានយល់ និងអនុវត្តតាមក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាននោះទេ ។ ដូច្នេះហើយទើបក្រសួងព័ត៌មានបានបង្កើត «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា» ឡើងដើម្បីឱ្យអ្នកសារព័ត៌មានទាំងអស់អាចពង្រឹងវិជ្ជាជីវៈរបស់ខ្លួន ក៏ដូចជាអាចពង្រឹងវិស័យសារព័ត៌មាននៅកម្ពុជាផងដែរ ។ឯកឧត្ដម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា» ត្រូវបានចងក្រងឡើងដោយធ្វើការសម្រង់មតិភាគច្រើនពីសំណាក់អ្នកសារព័ត៌មានទូទាំងប្រទេសកម្ពុជា ដើម្បីធ្វើជាឯកសារគោលមួយសម្រាប់អ្នកសារព័ត៌មានអនុវត្តតាម ។យ៉ាងណាមិញក្រសួង មិនបានបង្ខិតបង្ខំឱ្យអ្នកសារព័ត៌មាន ត្រូវតែអនុវត្តតាម «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា» ដូចច្បាប់រដ្ឋធម្មនុញ្ញ នោះទេ ។ពោលគឺ ធម្មនុញ្ញនេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយដើម្បីតម្រង់ទិសអ្នកសារព័ត៌មាន និងពង្រឹងវិស័យសារព័ត៌មាននៅកម្ពុជា ឱ្យមានភាពល្អប្រសើរ ។ ក្រសួងព័ត៌មានតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះអង្គភាព ក៏ដូច ជាអ្នកសារព័ត៌មានទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។នេះជាចំណុចដែលឯកឧត្តមរដ្ឋមន្រ្តីបានគូសរំលេច។ឯកឧត្តម នេត្រ ភក្រ្តា បានបន្តថា ដោយកន្លងមកក្រសួងមានទាំងការផ្ដល់នូវមេធាវីការពារក្ដី និងប្រឹក្សាផ្នែកច្បាស់ សម្រាប់បងប្អូនអ្នកសារព័ត៌មានថែម ទៀតផង។ដូចនេះ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា» ពុំមែន ជារនាំងការពារច្បាប់អ្នកសារព័ត៌មានឡើយ ប៉ុន្តែវាជាធាតុផ្សំដ៏ សំខាន់សម្រាប់អ្នកសារព័ត៌មានយកទៅអនុវត្ត ដើម្បីជៀសផុតពីការ ល្មើសច្បាប់ និងទោសព្រហ្មទណ្ឌ ជាដើម ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *