ក្រុមមន្ត្រីអាមេរិក បានប្រាប់សារព័ត៌មានរ៉យទ័រថា យ៉ាងហោចណាស់បុគ្គលិកអាមេរិកចំនួន ៥នាក់បានរងរបួសនៅក្នុងការវាយប្រហារប្រឆាំងនឹងមូលដ្ឋានយោធាមួយក្នុងប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃចន្ទ (០៥ សីហា) ខណៈតំបន់មជ្ឈិមបូព៌ាបានត្រៀមលក្ខណៈសម្រាប់ការវាយប្រហារថ្មីដែលអាចកើតឡើងដោយអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន បន្ទាប់ពីការសម្លាប់សមាជិកជាន់ខ្ពស់នៃក្រុមសកម្មប្រយុទ្ធហាម៉ាស និងហេសបូឡា កាលពីសប្តាហ៍មុន។
ប្រភពសន្តិសុខអ៊ីរ៉ាក់ចំនួនពីរបាននិយាយថា រ៉ូកែតចំនួនពីរគ្រប់ត្រូវបានបាញ់ទៅលើមូលដ្ឋានអាកាស អាល់ អាសាដ (al Asad) នៅភាគខាងលិចអ៊ីរ៉ាក់ ហើយបានធ្លាក់នៅខាងក្នុងមូលដ្ឋាន។ គេមិនច្បាស់ទេថា តើការវាយប្រហារនេះជាប់ពាក់ព័ន្ធនឹងការគំរាមកំហែងដោយអ៊ីរ៉ង់ ដើម្បីសងសឹកចំពោះការសម្លាប់នេះឬយ៉ាងណា។
កាលពីថ្ងៃពុធ អ៊ីរ៉ង់បាននិយាយថា សហរដ្ឋអាមេរិក មានចំណែកទទួលខុសត្រូវក្នុងការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស លោក អ៊ីស្មេល ហានីយេ (Ismail Haniyeh) ក្នុងទីក្រុងតេអេរ៉ង់ ដោយសារតែការគាំទ្ររបស់ខ្លួនសម្រាប់អ៊ីស្រាអែល ៕ដោយៈBAYON Radio