ព្រែកជីហ្វូណនតេជោ ជាគម្រោងដែលទាញសមុទ្យឱ្យជាប់ទន្លេ ដូចប្រសាសន៍សម្តេចធិបតី បានលើកឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។
យោងតាមប្រភពព័ត៌មានពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា តាមការសិក្សាវិភាគក៏បានគូសបញ្ជាក់ឱ្យឃើញផងដែរថា គម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ច រួមមាន ដូចជា៖
១) ពង្រឹងនូវឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាលើការដឹកជញ្ជូនតាមផ្លូវទឹក
២) កាត់បន្ថយថ្លៃដើម ចង្ងាយ និងពេលវេលានៃការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ និងងាយស្រួលតភ្ជាប់ជាមួយពហុមធ្យោបាយដឹកជញ្ជូនផ្សេងទៀត
៣) កាត់បន្ថយការបំភាយឧស្ម័នពុលក្នុងបរិស្ថាន
៤) ជួយរក្សាលំនឹងចីរភាពបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី
នឹង ៥) បង្កើតជម្រកថ្មីៗសម្រាប់ពពួកវារីសត្វ-រុក្ខជាតិ និងមច្ឆាជាតិគ្រប់ប្រភេទ ជាពិសេសអាចទទួលបានទិន្នផលត្រីជាមធ្យមប្រមាណ ១,០០០តោន ក្នុងមួយឆ្នាំ ដែលអាចឱ្យប្រជាពលរដ្ឋប្រមាណជាង ១,៦លាននាក់ សម្រាប់ចូលរួមដំណើរការសាងសង់ព្រែកជីកនេះ និងចំណេញសេដ្ឋកិច្ចខ្ពស់ (EIRR) ពី២០% ទៅ ៣១% ខ្ពស់ជាងអត្រាមធ្យម ១២% ដែលត្រូវបានកំណត់ដោយស្ថាប័នជាតិ និងអន្តរជាតិ។
សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ បានប្រារព្ធពិធីបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
គម្រោងព្រែកជីកនេះមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ដែលតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់រួចចូលតាមព្រែកតាហ៊ឹងនៃទន្លេបាសាក់ក្នុងស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។
គម្រោងនេះនឹងផ្តល់ផលប្រយោជន៍ដ៏ធំធេងដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជា ពង្រីកការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ចំណេញចម្ងាយផ្លូវ ពេលវេលា និងថ្លៃដឹកជញ្ជូនប្រកបដោយភាពប្រកួតប្រជែងត្រង់ទៅសមុទ្រ ព្រមទាំងបង្កើនវិសាលភាពនៃប្រព័ន្ធស្រោចស្រព និងរំដោះទឹកជំនន់ និងជួយពង្រីកនិងបង្កើនផលិតភាពនៃការដាំដុះនៅតំបន់ភាគនិរតី៕ ដោយ៖ កន ចំណាន