ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានរាយការណ៍នៅថ្ងៃអង្គារ (៣០ កក្កដា) នេះដោយដកស្រង់សម្តីក្រសួងការពារជាតិថា កងទ័ពជើងទឹករុស្ស៊ី បានចាប់ផ្តើមសមយុទ្ធដែលពាក់ព័ន្ធចំនួនភាគច្រើននៃកងនាវារបស់ខ្លួន ព្រមទាំងបុគ្គលិក ២០.០០០នាក់ និងនាវាចំនួន ៣០០គ្រឿង។
សារព័ត៌មាន TASS បានរាយការណ៍ថា កងនាវាភាគខាងជើងនៅតំបន់អាក់ទិករបស់រុស្ស៊ី កងនាវាចរប៉ាស៊ីហ្វិកនៅមហាសមុទ្រប៉ាស៊ីហ្វិក កងនាវាចរបាល់ទិកនៅសមុទ្របាល់ទិក ក៏ដូចជាកងនាវាចរ កាសព្យែន ផ្លូទីលា (Caspian Flotilla) នៅសមុទ្រកាសព្យែន ក៏នឹងចូលរួមក្នុងសមយុទ្ធនេះផងដែរ។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីមួយនេះបានបន្ថែមថា នាវា និងទូកលើផ្ទៃទឹក នាវាមុជទឹក និងនាវាជំនួយ ប្រហែល ៣០០គ្រឿង យន្តហោះ ៥០គ្រឿង រួមទាំងគ្រឿងយុទ្ធោបករណ៍ និងឧបករណ៍ពិសេសជាង ២០០ទៀត នឹងចូលរួមក្នុងការហ្វឹកហ្វឺនប្រយុទ្ធនេះ។ ចាប់តាំងពីបើកប្រតិបត្តិការយោធាលើអ៊ុយក្រែនមក រុស្ស៊ីបានធ្វើសមយុទ្ធយោធាជាច្រើនដោយខ្លួនឯង ឬជាមួយប្រទេសដទៃទៀត ៕