ខេត្តពោធិ៍សាត់ ÷ នៅរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ឧទ្ធម្ភាចក្រយោធា Z9 ដែលបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញ ត្រូវបានកម្លាំងចម្រុះប្រទះឃើញឃើញនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ នៅលើបណ្តេញសង្គមហ្វេសប៊ុក ។
នាយឧត្តមសេនីយ៍ ឈុំ សុជាត គូសបញ្ជាក់ថា «បន្ទាប់ពីបើកប្រតិបត្តិការរុករក អស់រយៈពេល១៧ថ្ងៃ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមប្រតិបត្តិការរុករកបានប្រទះឃើញឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញ តាំងពីថ្ងៃទី១២ ខែកក្កដាហើយ។ ឧទ្ធម្ភាគចក្រនេះ ត្រូវបានប្រទះឃើញពីលើអាកាសនៅចំណុចភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បន្ទាប់ពីអាកាសធាតុអំណោយផល ខណៈពេលនេះ កម្លាំងថ្មើរជើងកំពុងទៅកាន់ទីនោះ»។
សូមជម្រាបថា ឧទ្ធម្ភាគចក្រដែលបានបាត់ការទាក់ទង កាលពីល្ងាចថ្ងៃទី១២ ខែកក្កដា គិតត្រឹមថ្ងៃទី២៩ ខែកក្កដា នេះ មានរយៈពេល ១៧ថ្ងៃហើយ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គបញ្ជាការ និងកងទ័ពជើងគោក កងកម្លាំងចម្រុះ នៅតែបន្តរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង។
ឧទ្ធម្ភាគចក្រដែលបាត់ពីការទាក់ទងពេលហោះហើរម៉ាក Z-9 លេខ MH912 ត្រូវហ្វឹកហ្វឺនពីភ្នំពេញ-ថ្មដា-ពោធិសាត់-ភ្នំពេញ។ ដោយចេញដំណើរពីថ្ងៃទី១២ខែកក្កដា ម៉ោង១១:០០នាទីព្រឹកនិងមកដល់វិញនៅម៉ោង១៤និ០០ នាទីថ្ងៃដដែល ប៉ុន្តែបានបាត់ការទាក់ទងកាលពីល្ងាចថ្ងៃដដែល។ លើឧទ្ធម្ភាគចក្រ មានលោក ស៊ុន ផ្លា ជាប្រធានក្រុម និងលោក ខេង ឆៃយុទ្ធ ជាអាកាសយានិក។
បេសកកម្មប្រតិបត្តិការរុករកនេះ បានប្រើប្រាស់គ្រប់មធ្យោបាយ រួមមាន៖ កងកម្លាំងរុករកពីខាងលើតំបន់ព្រៃ ដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ យន្តហោះដ្រូន និងកម្លាំងថ្មើរជើងចូលទៅកាន់តំបន់ព្រៃក្រាស់ ជ្រោះជ្រលងភ្នំ បើទោះបីជួបការលំបាក ដោយអាកាសធាតុ និងមានភ្លៀងធ្លាក់ច្រើនយ៉ាងណាក្តី កងកម្លាំងចម្រុះ នៅតែបន្តប្រតិបត្តិការ រុករកប្រកបដោយភាពទទួលខុសត្រូវ តាមបទបញ្ជា៕