ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (UNOCHA) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៥ កក្កដា) ថា ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីនៅក្នុងប្រទេសអេត្យូពី នៅដើមសប្តាហ៍នេះ បានកើនឡើងដល់ ២៥៧នាក់ ហើយត្រូវបានគេរំពឹងថានឹងកើនឡើងជិតទ្វេដង។
ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានបំណាក់ដីដែលបាក់ធ្លាក់កប់លើមនុស្សនៅតំបន់ ហ្គូហ្វា (Gofa) ភាគខាងត្បូងប្រទេសអេត្យូពី កាលពីយប់ថ្ងៃអាទិត្យ និងបាក់ធ្លាក់ជាលើកទីពីរកាលពីថ្ងៃចន្ទ បានកប់លើអ្នកដែលចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។
ទីភ្នាក់ងារ UNOCHA បាននិយាយនៅក្នុងរបាយការណ៍មួយថា «ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៥០០នាក់ នេះបើយោងតាមព័ត៌មានដែលទទួលបានពីអាជ្ញាធរមូលដ្ឋាន»។ កាលពីថ្ងៃអង្គារ គណៈកម្មការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិរបស់អេត្យូពី បានដាក់ចំនួនអ្នកស្លាប់ត្រឹមចំនួន ២២៩នាក់ប៉ុណ្ណោះ៕ ដោយ ៖ Bayon Radio