ខេត្តព្រះវិហារ ៖ ឧត្តមសេនីយ៍ឯក វូ ហាក់ ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន បានគូសបញ្ជាក់ថា សិក្ខាកាមទាំងអស់ បានយល់ដឹងច្បាស់អំពីជំនាញនគរបាលការពារព្រំដែន ហើយយកចំណេះជំនាញនេះ ទៅបម្រើអង្គភាពរបស់ខ្លួន កាន់តែល្អប្រសើរថែមទៀត។ ការថ្លែងបែបនេះរបស់លោកឧត្តមសេនីយ៍ឯក វូ ហាក់ ធ្វើឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញនគរបាលព្រំដែន ដល់កម្លាំងនគរបាលការពារព្រំដែនគោកទឹក និងអន្តរាគមន៍ជំនាន់ទី៨ ឆ្នាំ២០២៤ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានកណ្តាលនគរបាលព្រំដែន និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ ជាតំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅសាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែន នៃនាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន ស្ថិតនៅក្នុងឃុំកន្ទួត ស្រុកជាំក្សាន្ត នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងរបាយការណ៍ស្វាគមន៍ដដែល លោកឧត្តមសេនីយ៍ឯក វូ ហាក់ ក៏បានគូសបញ្ជាក់ដែរថា វគ្គបណ្តុះបណ្តាលនេះអាចដំណើរការទៅបានប្រកបដោយជោគជ័យ គឺដោយមានការគាំទ្រដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការឧបត្ថម្ភរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេតអគ្គស្នងការនគរបាលជាតិ ជាពិសេសការជួយឧបត្ថម្ភទំនុកបម្រុង ទាំងការស្នាក់នៅ ការហូបចុក ពីសំណាក់នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង ទទួលដឹកនាំនាយកដ្ឋានកណ្តាលនគរបាលព្រំដែន និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥។
ពីវេទិកាគណៈអធិបតីនាឱកាសនោះ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងណែនាំដល់អង្គភាពពាក់ព័ន្ធ និងកងកម្លាំងទាំងអស់ ត្រូវចូលរួមវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត គោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន ដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ម៉ោង ៩:០៩ព្រឹក ខាងមុខនេះ។
ថ្លែងក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ខេង សុមេធ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ត្រចះត្រចង់ក្រៃលែង ដែលកម្មសិក្សាទាំងអស់ បានខិតខំប្រឹងប្រែងរៀនសូត្រទទួលបានជ័យលាភី។ លោកបញ្ជាក់ថា លទ្ធផលដ៏ត្រចះត្រចង់នេះ គឺអាស្រ័យដោយការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ការចង្អុលដឹកនាំដ៏ត្រឹមត្រូវរបស់ក្រសួងមហាផ្ទៃ និងការបញ្ជាដឹកនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានគាំទ្រទាំងស្មារតី សម្ភារ គ្រឿងបំពាក់ និងការធានាផ្គត់ផ្គង់គាំទ្រផ្នែកជីវភាពរបស់កងកម្លាំងបានទាន់ពេលវេលា។
ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ ខេង សុមេធ ក៏បានថ្លែងអរគុណដល់នាយកដ្ឋានកណ្តាលនគរបាលព្រំដែន នាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន គណៈគ្រប់គ្រងវគ្គ គ្រូបង្វឹក ដែលបានយកអស់កម្លាំងកាយចិត្តខិតខំធ្វើការបណ្តុះបណ្តាលកងកម្លាំង តាមស្តង់ដារគុណភាពដែលបានកំណត់ក្នុងការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ និងក្រមសីលធម៌នគរបាលជាតិ ឱ្យឆ្លើយតបទៅនឹងគោលនយោបាយកំណែទម្រង់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដោយផ្តោតសំខាន់ទៅលើការធ្វើទំនើបកម្ម ការពង្រឹងសមត្ថភាពវិជ្ជជីវៈនៃកងកម្លាំងគ្រប់ប្រភេទ រួមទាំងកងកម្លាំងនគរបាលការពារព្រំដែនផងដែរ។ លោកនាយឧត្តមសេនីយ៍ ក៏បានថ្លែងបញ្ជាក់ទៀតថា ផែនការអភិវឌ្ឍធនធានមនុស្សផ្នែកកងកម្លាំងនគរបាលជាតិ របស់ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើឱ្យកងកម្លាំងនគរបាលការពារព្រំដែន ទទួលបានចំណេះដឹង ជំនាញក្នុងការបម្រើកិច្ចការ ការងារការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ប្រកបដោយប្រសិទ្ធិភាព ដើម្បីឆ្លើយតបទៅនិងស្ថានភាពរីកចម្រើនរបស់ប្រទេសជាតិ។
បើតាមលោកឧត្តមសេនីយ៍ឯក វូ ហាក់ ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន បានបញ្ជាក់ថា ការប្រឡងត្រួតពិនិត្យបញ្ចប់វគ្គឆ្លងតាមរយៈការធ្វើលំហាត់បាញ់គ្រាប់ពិតតម្រង់ផ្ទាំងស៊ីប ចង្ងាយ ១០០ម៉ែត្រ ដោយប្រើប្រាស់អាវុធ AK-47 និងការធ្វើលំហាត់វិញ្ញាសានៅពេលប្រឡងបញ្ចប់វគ្គយើងបានសង្គេតឃើញថា៖ លទ្ធផលល្អ ចំនួន ៥២នាក់ ស្មើនឹង ២៨% ល្អបង្គួរ ចំនួន ៩២នាក់ ស្មើនឹង ៥០% និងលទ្ធផលមធ្យម ចំនួន ៣៧នាក់ ស្មើនឹង ២២%៕