«ផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» គឺជាត្រីវិស័យក្នុងការអភិវឌ្ឍខេត្តព្រះសីហនុឱ្យទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយសំដៅជំរុញកំណើនសេដ្ឋកិច្ច, ការអភិវឌ្ឍសង្គម និងការការពារបរិស្ថានប្រកបដោយចីរភាព និងនិរន្តរភាព ។ នេះជាវឌ្ឍនភាពថ្មីមួយដ៏សំខាន់របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ស្របតាម «យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១»ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង (គ.ស.ផ.)នាព្រឹកថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០២៤ បានឱ្យដឹងថា «ផែនការមេ» នេះ មានចក្ខុវិស័យរយៈពេលវែងឆ្ងាយដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជា៖
ទី១. ច្រកទ្វារអន្តរជាតិរបស់ប្រទេសកម្ពុជា ដោយប្រែក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនពហុមធ្យោបាយ និង ឡូជីស្ទិក, មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ,
ទី២. ប៉ូលអភិវឌ្ឍន៍ជាតិ ដោយប្រែក្លាយជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រ និងប្រជុំកោះលំដាប់សកលលោក, មជ្ឈមណ្ឌលជាតិនៃការអភិវឌ្ឍឧស្សាហកម្ម និងមជ្ឈមណ្ឌលជាតិសម្រាប់នវានុវត្តន៍បច្ចេកវិទ្យា
និង ទី៣. ទីក្រុងធំមួយនៅក្នុងតំបន់អាស៊ាន ជាមួយនឹងកិត្តិនាមជាទីក្រុងគំរូបៃតងប្រកបដោយចីរភាព, ចម្រុះវប្បធម៌ និងឆ្លាតវៃ ។
ប្រភពដដែល បានបន្ថែមថា ដើម្បីសម្រេចបានចក្ខុវិស័យនេះ, «ផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» នឹងអនុវត្តជាពីរដំណាក់កាលគឺ៖
– ដំណាក់កាលទី ១ “២០២៥-២០២៨”៖ ផ្តោតលើការធ្វើសមាហរណកម្មខេត្តព្រះសីហនុទៅក្នុងប្រព័ន្ធពាណិជ្ជកម្មក្នុងតំបន់, ការពង្រីកមុខងារភស្តុភារកម្ម និងវិស័យទេសចរណ៍ព្រមទាំងការធ្វើឱ្យប្រសើរឡើងនូវទីក្រុងចាស់ និងអភិវឌ្ឍតំបន់ថ្មីរួមទាំងការទាក់ទាញការវិនិយោគដែលមានតម្លៃបន្ថែមខ្ពស់ ។
និង ដំណាក់កាលទី ២ “២០២៩-២០៣៨”៖ ខេត្តព្រះសីហនុនឹងពង្រឹងតួនាទីរបស់ខ្លួនជាច្រកទ្វារជាតិ និងជាទីក្រុងមជ្ឈមណ្ឌលក្នុងតំបន់ លើវិស័យហិរញ្ញវត្ថុ ពាណិជ្ជកម្ម ការអភិវឌ្ឍឧស្សាហកម្ម ការដឹកជញ្ជូន និងបច្ចេកវិទ្យា ព្រមទាំងអភិវឌ្ឍខ្លួនទៅជាទីក្រុងពហុមុខងារ សមស្របសម្រាប់សហ-គ្រិនភាព ទីក្រុងបៃតង និងទីក្រុងឆ្លាតវៃ ព្រមទាំងជាខេត្តដែលមានចំណូលខ្ពស់ប្រកបដោយវិបុល-ភាព ៕ ដោយ៖ កន ចំណាន