ភ្នំពេញ ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ នៅតែបើកដំណើរការយ៉ាងរលូន ប្រជាពលរដ្ឋអំពាវនាវឲ្យអាជ្ញាធរចាត់វិធានការឲ្យទាន់ពេលវេលាផង..នៅកណ្តាលរាជធានីភ្នំពេញ ទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិ៤ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កំពុងប្រតិបត្តិការយ៉ាងរលូន ដោយគ្មានការរំខាន ឬការបង្ក្រាបពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចឡើយ ទីតាំងនេះ បើទោះបីជាមានបទបញ្ជាហាមឃាត់ល្បែងស៊ីសងខុសច្បាប់យ៉ាងម៉ឺងម៉ាត់ពីសំណាក់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះក៏ដោយ ក៏វាហាក់ដូចជាមិនមានប្រសិទ្ធភាពអ្វីសោះឡើយ។
តើលោក ម៉ៅ សឿត អធិការខណ្ឌ និងលោក ចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅ លោកមេប៉ុស្តិ៍ អុំ រតនា ច្បារអំពៅទី២ ត្រូវថ្នាំសណ្ដំ ឬក៏ ថ្លង់ត្រចៀកភ្នែកព្រិលអស់ហើយ បានទីតាំងល្បែងស៊ីសងដ៏ធំ និងពេញនិយម ទីតាំងខុសច្បាប់នេះ មិនមែនជាទីតាំងតូចតាចនោះឡើយ។ វាជាទីតាំងដ៏ធំមួយ ដែលមានប្រជាប្រិយភាពខ្លាំង ដោយផ្តល់ជូននូវល្បែងស៊ីសងជាច្រើនប្រភេទ ដូចជា ជល់មាន់អនឡាញ ឆ្នោតឡូតូ និងល្បែងបៀរជាដើម។ល។ អ្នកញៀនល្បែងមកពីគ្រប់ទិសទី បាននាំគ្នាមកលេងនៅទីនេះយ៉ាងគគ្រឹកគគ្រេង ដោយមិនខ្លាចញញើតចំពោះច្បាប់ទម្លាប់ ឬការបង្ក្រាបពីសំណាក់អាជ្ញាធរឡើយ។
ដោយការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ និងសំណួរអំពីតួនាទីអាជ្ញាធរស្ថានភាពនេះ បានធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះមានការព្រួយបារម្ភយ៉ាងខ្លាំង ពួកគាត់បានរាយការណ៍ថា ទីតាំងល្បែងស៊ីសងខុសច្បាប់នេះ បាននាំមកនូវបញ្ហាជាច្រើនដល់សហគមន៍ ភូមិសង្កាត់របស់ពួកគាត់ ដូចជា ការកើនឡើងនៃអំពើហិង្សា ការលួច ការប្លន់ ការឆក់ និងការជួញដូរគ្រឿងញៀនជាដើម។
លើសពីនេះទៅទៀត ពួកគាត់ក៏បានចោទសួរអំពីតួនាទីរបស់អាជ្ញាធរមានសមត្ថកិច្ច ដែលហាក់ដូចជាមិនបានអើពើ ឬមិនអាចទប់ស្កាត់បាននូវបញ្ហានេះ។ការសង្ស័យពីអំពើពុករលួយ និងការអំពាវនាវឲ្យមានការបង្ក្រាបទៅដល់វង់ល្បែងដ៏ល្បីល្បាញនៅក្នុងខណ្ឌច្បារអំពៅផង ប្រជាពលរដ្ឋជាច្រើនបានសង្ស័យថា អាចមានអំពើពុករលួយនៅពីក្រោយការបើកដំណើរការរបស់ទីតាំងល្បែងស៊ីសងខុសច្បាប់នេះ។
ពួកគាត់ជឿថា ម្ចាស់ទីតាំងល្បែងស៊ីសងអាចបានសូកប៉ាន់ដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីឱ្យពួកគេមើលរំលង ឬមិនចាត់វិធានការបង្ក្រាប ដូច្នេះហើយ ពួកគាត់បានអំពាវនាវឱ្យមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់ និងមានការបង្ក្រាបយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងទីតាំងល្បែងស៊ីសងខុសច្បាប់នេះផងទាន!។
តម្រូវការសកម្មភាពបន្ទាន់ និងការការពារសណ្តាប់ធ្នាប់សង្គម ស្ថានភាពនៅទីតាំងល្បែងស៊ីសងខុសច្បាប់នេះ កំពុងតែក្លាយជាបញ្ហាធ្ងន់ធ្ងរមួយ ដែលត្រូវការដំណោះស្រាយជាបន្ទាន់ អាជ្ញាធរមានសមត្ថកិច្ច ត្រូវតែចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីបង្ក្រាបទីតាំងនេះ និងធានាថាច្បាប់ត្រូវបានអនុវត្តយ៉ាងពេញលេញ ការបណ្តែតបណ្តោយឱ្យទីតាំងល្បែងស៊ីសងខុសច្បាប់បន្តដំណើរការ នឹងមិនត្រឹមតែធ្វើឱប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាព និងសន្តិសុខរបស់ប្រជាពលរដ្ឋទៀតផង។
គួររំលឹកផងដែរថាកាលពីរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នៅសាលារាជធានី ភ្នំពេញលោក ឃួ ង ស្រេង អភិបាល រាជធានី ភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញបានមានប្រសាសន៍ក្នុង កិច្ចប្រជុំគណៈ បញ្ជាការឯកភាពរាជធានី ភ្នំពេញបានសង្កត់ធ្ងន់ថាចំពោះល្បែងស៊ីសង គ្រប់ប្រភេទត្រូវតែលប់បំបាត់មិនត្រូវឲ្យមាននៅក្នុងមូលដ្ឋានរបស់ខ្លួនដាច់ខាត ! តាម រយៈការពង្រឹងពីមួយថ្ងៃទៅមួយថ្ងៃឲ្យបានខ្លាំងដើម្បីឈានទៅលុបបំបាត់ឲ្យអស់ ៕